ដោយ: គង់ លាងហួរ
សិង្ហបុរី: ប្រាក់ដុល្លារអាមេរិកហក់ឡើងថ្លៃជិតដល់ចំណុចកំពូលជាងមួយសប្តាហ៍នៅថ្ងៃសុក្រនេះ ខណៈដែលទិន្នន័យមួយចំនួនពេញមួយយប់បានចង្អុលបង្ហាញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដោយអ្នកវិនិយោគភ្នាល់ថា ធនាគារកណ្តាលនឹងផ្អាកនូវការដំឡើងអត្រាការប្រាក់របស់ខ្លួន។
សន្ទស្សន៍ប្រាក់ដុល្លារដែលវាស់រូបិយប័ណ្ណអាមេរិកធៀបនឹងគូប្រជែងចំនួន៦បានធ្លាក់ចុះ០,០៥៩ភាគរយដល់១០២,០២ពិន្ទុ មិនឆ្ងាយពីពិន្ទុ១០២,១៥ ដែលវាបានឈានដល់មួយយប់ ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីថ្ងៃទី២ ខែឧសភា។
លោក Carol Kong អ្នកយុទ្ធសាស្រ្តរូបិយប័ណ្ណនៅធនាគារ Commonwealth Bank of Australia បានអះអាងថា “ទីផ្សារប្រហែលជាត្រូវបានជំរុញដោយទិន្នន័យសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលទន់ខ្សោយ”។
ទន្ទឹមនឹងនេះដែរ ប្រាក់អឺរ៉ូបានហក់ឡើងថ្លៃ០,០៣ភាគរយដល់១,០៩១៧ដុល្លារ ខណៈដែលប្រាក់យ៉េនជប៉ុនបានហក់ឡើងថ្លៃ០,០៣ភាគរយដល់១៣៤,៥៣យ៉េន ក្នុងមួយដុល្លារ។
ប្រាក់ដុល្លារអូស្រ្តាលីបានធ្លាក់ថ្លៃ០,០១ភាគរយមកត្រឹម០,៦៧ដុល្លារ។ ចំណែក ប្រាក់គីវីបានធ្លាក់ថ្លៃ០,២៤ភាគរយមកត្រឹម០,៦២៨ដុល្លារ។
តម្លៃប្រាក់ Sterling ត្រូវបានជួញដូរចុងក្រោយត្រឹម១,២៥១២ដុល្លារ កើនឡើង០,០២ភាគរយនៅថ្ងៃនេះបន្ទាប់ពីបានដាំក្បាលចុះ០,៦ភាគរយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។
ធនាគារកណ្តាលអង់គ្លេសបានដំឡើងអត្រាការប្រាក់ដ៏សំខាន់របស់ខ្លួនរហូតដល់៤,៥ភាគរយកាលពីថ្ងៃព្រហស្បតិ៍ ខណៈលោកទេសាភិបាល Andrew Bailey បានអះអាងថា ធនាគារកណ្តាលអង់គ្លេសនឹងបន្តធ្វើដូចនេះ ខណៈដែលខ្លួនកំពុងខិតខំទប់ស្កាត់អត្រាអតិផរណាដ៏ខ្ពស់បំផុត៕