រោងចក្រផលិតសំបកកង់ឡានពីរនៅកម្ពុជាមានសមត្ថភាពផលិតសំបកកង់ឡានបានជិតជាង១៤លានសំបក

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាបានអនុញ្ញាតឱ្យក្រុមហ៊ុន វិនិយោគលើរោងចក្រផលិតសំបកកង់ឡានជាបន្តបន្ទាប់ ប៉ុន្តែក្នុងចំណោមរោងចក្រទាំងនោះ ឃើញថារោងចក្រពីរ ដោយមួយកំពុងបានដំណើរការបណ្ដោះ​អាសន្ន ហើយគ្រោងនឹងសម្ពោធជាផ្លូវការ និងមួយទៀតបានបើកការដ្ឋានសាងសង់ និងគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៣នេះ ។

រោងចក្រផលិតសំបកកង់រថយន្តទាំងពីរ អាចមានសមត្ថភាពផលិតសំបកកង់បានជាង១៤លានសំបកក្នុងមួយឆ្នាំ។រោងចក្រផលិតសំបកកង់រថយន្តមួយមានទីតាំង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានដាក់ដំណើរការសាកល្បងជាមួយនឹងក្ដីរំពឹងថា អាចផលិតបាន៥លានសំបក សម្រាប់សំបកកង់រថយន្តធុនតូច និង៩០ម៉ឺនសំបកសម្រាប់កង់រថយន្តធុនធំ ក្នុងមួយឆ្នាំ ។ រោងចក្រនេះនឹងផលិតសំបកកង់រថយន្ត សម្រាប់ផ្គត់ផ្គង់លើទីផ្សារសហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រេស៊ីល និងប្រទេសមួយចំនួនទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានលើកឡើងថា រោងចក្រផលិតសំបកកង់រថយន្តនេះ នឹងរួមចំណែកក្នុងវិស័យឧស្សា​ហកម្មមួយក្នុងខេត្តព្រះសីហនុ ក៏ដូចជា ក្នុងប្រទេសកម្ពុជាទាំងមូលផងដែរ ។ វាអាចជាគម្រោងរោងចក្រផលិត សំបកកង់រថយន្តដំបូងមួយនៅក្នុងប្រទេសកម្ពុជា ហើយនឹងរួមចំណែកដល់ការនាំចេញសំបកកង់រថយន្តនេះទៅកាន់ទីផ្សារអន្តរជាតិ ។

ដោយឡែករោងចក្រផលិត សំបកកង់រថយន្តមួយទៀត នៅខេត្តក្រចេះ បានចាប់ផ្ដើមបើកការដ្ឋាន កាលពីដើមសប្ដាហ៍កន្លងទៅនេះ ហើយគម្រោងសាងសង់ នឹងត្រូវបញ្ចប់នៅដើមត្រីមាសទី៤នៃឆ្នាំ២០២៣នេះ ។ គម្រោងរោងចក្រនេះ មានសមត្ថភាពអាចផលិតកង់រថយន្តបាន៨,៥លានសំបក សម្រាប់ផ្គត់ផ្គង់លើទីផ្សារក្នុងនិងក្រៅប្រទេស ។

លោកវ៉ា ថន អភិបាលខេត្តក្រចេះ បានមានប្រសាសន៍ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ រោងចក្រផលិតសំបកកង់រថយន្ត នៅខេត្តក្រចេះកាលពីដើមសប្ដាហ៍កន្លងទៅនេះថា រោងចក្រនេះ នឹងរួមចំណែកជាមួយរដ្ឋបាលខេត្តក្រចេះ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបានកាន់តែប្រសើរ តាមរយៈការជំរុញកំណើនសេដ្ឋកិច្ច ការទាក់ទងដៃគូអភិវឌ្ឍ មកវិនិយោគនៅក្នុងតំបន់ និងការចូលរួម កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ព្រមទាំងអត្ថប្រយោជន៍ផ្សេងទៀត ដែលនាំឱ្យតំបន់រដ្ឋបាលសេដ្ឋកិច្ច ពិសេសយូ ប៊ី អ៊ី ស្នួល មានការអភិវឌ្ឍពីមួយឆ្នាំទៅមួយឆ្នាំ ។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងកន្លងមកថា ការបង្កើតរោងចក្រផលិត សំបកកង់រថយន្តនៅក្នុងប្រទេសកម្ពុជា នឹងជួយកសិករ ក៏ដូចជាក្រុមហ៊ុនដាំដុះកៅស៊ូឱ្យរក្សាបាននូវស្ថេរភាពតម្លៃ និងទីផ្សារដោយមិនចាំបាច់ពឹងលើទីអន្តរជាតិឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here