ជប៉ុនប្តេជ្ញារៃអង្គាសប្រាក់១០០០លានដុល្លារដើម្បីជួយប្រទេសជុំវិញអ៊ុយក្រែនដែលបានទទួលយកជនភៀសខ្លួន

ដោយ: គង់ លាងហួរ

អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនលោក Shunichi Suzuki បានមានប្រសាសន៍ថា ប្រទេសជប៉ុននឹងបង្ហាញផែនការមួយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែឧសភានេះ ក្នុងការប្រមូលប្រាក់ចំនួន១ពាន់លានដុល្លារ ដើម្បីជួយដល់បណ្តាប្រទេសជុំវិញអ៊ុយក្រែន ដែលទទួលយកជនភៀសខ្លួន ពីប្រទេសដែលកំពុងហែកហួរ ដោយសង្រ្គា មមួយនេះ។

មូលនិធិនេះនឹងត្រូវបានផ្តល់ តាមរយៈធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) ដែលគ្រប់គ្រងដោយរដ្ឋ ដែលជាធម្មតាផ្តល់ជំនួយ ក្នុងទម្រង់នៃការផ្តល់ប្រាក់កម្ចី ការធានា និងការវិនិ យោគភាគហ៊ុន។

លោក Suzuki បានប្រាប់អ្នកយកព័ត៌មាន នៅពេលលោកបានទៅដល់ទីក្រុង Niigata ភាគខាងជើងនៃទីក្រុងតូក្យូ ដើម្បីធ្វើជាប្រធានកិច្ចប្រជុំរយៈពេល៣ថ្ងៃ នៃក្រុមមេដឹកនាំហិរញ្ញវត្ថុមកពីក្រុមប្រទេសជឿនលឿនទាំងប្រាំពីរ (G7) ថា មូលនិធិនេះក៏នឹងត្រូវបានប្រើដើម្បីជួយសម្រួល ដល់ការវិនិយោគដោយក្រុមហ៊ុនជប៉ុន នៅក្នុងប្រទេសទាំងនោះផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លើសពីនេះទៀត ក្រុមប្រទេស G7 ក៏នឹងជជែកគ្នាអំពីវិធីទប់ស្កាត់កុំឱ្យរុស្សី អាចគេចវេសពីទណ្ឌកម្មដែលបានដាក់ផងដែរ។

លោក Suzuki មិនបានបញ្ជាក់អំពីការដាក់ទណ្ឌកម្មបន្ថែមទល់នឹងរុស្ស៊ី ឬការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់G7 បន្ថែមទៀតសម្រាប់អ៊ុយក្រែននាពេលនេះទេ ដែលអាចជាសញ្ញាថា ក្រុមប្រទេសទាំងនេះអាចនឹងមានជំហររង់ចាំមើលសិន ដើម្បីវាយតម្លៃផលប៉ះពាល់នៃវិធានការមុននេះ។

លោក Suzuki បានបន្ថែមថា “យើងចង់ពន្លឿនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលត្រូវការជាចាំបាច់ ដើម្បីយកឈ្នះលើវិបត្តិដ៏លំបាក ដែលសេដ្ឋកិច្ចពិភពលោកកំពុងប្រឈមមុខ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here