ក្រុមហ៊ុនចិន បោះទុនរាប់រយលានដុល្លារ សាងសង់រោងចក្រផលិតសម្បកកង់រថយន្តនៅខេត្តក្រចេះ

សុខុម

ភ្នំពេញ: ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនចិន Qingdao Doublestar Group បានចាប់ផ្តើមសាងសង់រោងចក្រផលិតចម្បកកង់រថយន្តតម្លៃ១៣៨លានដុល្លារអាមេរិក នៅខេត្តក្រចេះ។

យោងតាមរដ្ឋបាលខេត្តក្រចេះ បានទម្លាយឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានចេញផ្សាយកាលពីថ្ងៃពុធ ទី១០ ខែឧសភា អភិបាលខេត្តក្រចេះ លោក វ៉ា ថន កាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះបានចូលរួមជាអតិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រនេះលើផ្ទៃដី៤០ហិកតា ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស UBN ក្នុងស្រុកស្នួល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក វ៉ា ថន មានប្រសាសន៍ថា “គម្រោងដ៏ធំមួយនេះនឹងជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសចិន បន្ថែមទៀត។ គម្រោងនេះនឹងរួមចំណែកបន្ថែមទៀតដល់ការអភិវឌ្ឍឧស្សាហកម្ម និងសេដ្ឋកិច្ចរបស់កម្ពុជា និងបង្កើតការងារបន្ថែមទៀតសម្រាប់ពលរដ្ឋក្នុងមូលដ្ឋាន”។

លោក Chai Yongsen ប្រធានក្រុមហ៊ុន Doublestar Group មានប្រសាសន៍ថា លោកមានទំនុកចិត្តថា គម្រោងនេះនឹងរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ចិន ក្នុងក្របខណ្ឌនៃគំនិតផ្តួចផ្តើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) របស់មហាយក្សចិន។

លោកគូសបញ្ជាក់ថា នៅពេលដំណើរការពេញលេញ រោងចក្រនេះនឹងមានសមត្ថភាពផលិតសម្បកកង់រថយន្តគុណភាពខ្ពស់បានប្រមាណ៨,៥លានសម្បកក្នុងមួយឆ្នាំ ហើយថា ដំណាក់កាលទី១ នៃគម្រោងនេះនឹងសាងសង់បញ្ចប់នៅខែតុលា ឆ្នាំ២០២៣។

កាលពីខែមីនា រោងចក្រតម្លៃ៣០០លានដុល្លារ របស់ក្រុមហ៊ុន General Tire Technology (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនផលិតសម្បកកង់រថយន្តចិន Jiangsu General Science Technology បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃខេត្តព្រះសីហនុ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here