ផលិតផល២០០មុខកំពុងស្វែងរកការគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា

ដោយ: គង់ លាងហួរ
ភ្នំពេញ: ចលនាភូមិមួយផលិតផលមួយ បានដាក់តាំងបង្ហាញផលិតផលរបស់ខ្លួនប្រមាណ២០០មុខ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីដាក់លក់ ផ្សព្វផ្សាយ ក៏ដូចជាបង្ហាញផលិតផលដែលមានគុណភាព ជូនដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ឱ្យស្គាល់ពីផលិតផលផលខ្មែរ ដើម្បីជំរុញពង្រីកទីផ្សារបន្ថែម ។

លោក សួង ណយ អគ្គលេខាធិការរងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ នៃទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថាបច្ចុប្បន្នគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ មានសមាជិកសរុបប្រមាណជាង៦០០ក្រុមហ៊ុន ឬសហគ្រាស ក្នុងនោះសម្រាប់សមាជិកនីមួយៗ មានផលិតផលសម្រាប់ចែកចាយនៅតាមទីផ្សារ ចាប់ពីមួយផលិតឡើងទៅ បើគិតជាផលិតផលសរុប មានប្រមាណជាង១ពាន់មុខ ហើយការចូលជាសមាជិកនេះនឹងមានជាបន្តបន្ទាប់។

លោករំពឹងថា នៅពេលខាងមុខ គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងមានសមាជិករាប់ពាន់សហគ្រាស ហើយមានផលិតផលកាន់តែ ច្រើនថែមទៀត សម្រាប់ដាក់លក់នៅលើទីផ្សារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែកនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះវិញ លោក សួង ណយ មានប្រសាសន៍ថា គណៈកម្មាធិការជាតិជំរុញចលនាភូមិមួយ ផលិតផលមួយ បានរៀបចំពិរព័ណ ដាក់បង្ហាញផលិតផលបងប្អូននៅតាមសហគមន៍ សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមជាង១០ថ្ងៃនេះ ក្នុងនោះមានស្តង់ចំនួន២០កន្លែង និងមាន៤៥សហគ្រាសបានចូលរួម និងបាននាំយកមកនូវផលិតផលប្រមាណ២០០មុខមកដាក់ តាំងបង្ហាញ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ។

គោលដៅសំខាន់នៃការដាក់តាំងនេះគឺ ចង់ឲ្យភ្ញៀវទេសចរណ៍ទាំងអស់ បានស្គាល់ពីផលិតផលផលខ្មែរ ផលិតដែលវេចខ្ចប់ដោយកូនខ្មែរ ដើម្បីជំរុញពង្រីកទីផ្សារបន្ថែម និងជំរុញការនាំចេញ ដើម្បីលើកកម្ពស់ដល់សហគមន៍មូលដ្ឋាន បង្កើតការងារ និងការបង្កើតនូវផលិតផលឱ្យបានកាន់តែច្រើនថែមទៀត សម្រាប់បម្រើដល់ទីផ្សារ៕

LEAVE A REPLY

Please enter your comment!
Please enter your name here