កម្ពុជាសង្កត់ធ្ងន់លើការគាំទ្រ និងកិច្ចសហប្រតិបត្តិការជាមួយឥណ្ឌូនេស៊ី ដើម្បីសម្រេចបានផលប្រយោជន៍សេដ្ឋកិច្ចជាអាទិភាព

ដោយ: គង់ លាងហួរ
ហ្សាការតា: កម្ពុជាប្តេជ្ញាចូលរួមជាមួបណ្តាប្រទេសសមាជិកអាស៊ានផ្សេងទៀត ដើម្បីផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធសម្រាប់ប្រទេសឥណ្ឌូនេស៊ី ក្នុងឋានៈជាប្រធានអាស៊ានប្តូរវេននៅឆ្នាំនេះ ដើម្បីជំរុញឱ្យសម្រេចបានសមិទ្ធផលប្រកបដោយផ្លែផ្កា និងជាទីពេញចិត្តនៃអត្ថប្រយោជន៍សេដ្ឋកិច្ចជាអាទិភាព (PEDs) និងអាទិភាពផ្សេងទៀតក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC) ។

ការប្តេជ្ញាចិត្តនេះត្រូវបានគូសបញ្ជាក់ដោយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ខណៈពេលដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) លើកទី២២ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យកន្លងទៅ។

លោក ប៉ាន សូរស័ក្តិ ដែលក៏ជារដ្ឋមន្ត្រីនៃក្រុមប្រឹក្សា AEC ប្រចាំកម្ពុជាផងដែរនោះ បានជម្រាបជូនអង្គប្រជុំអំពីការអនុវត្តប្រកបដោយជោគជ័យនូវអត្ថប្រយោជន៍សេដ្ឋកិច្ចជាអាទិភាព (Priority Economic Deliverables- PED) ចំនួន១៦ក្នុងចំណោម១៩ ក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២ ខណៈអត្ថប្រយោជន៍សេដ្ឋកិច្ចជាអាទិភាពចំនួន៣ផ្សេងទៀតនឹងត្រូវបញ្ចប់នៅឆ្នាំនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី២២ ដឹកនាំដោយលោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចនៃប្រទេសឥណ្ឌូនេស៊ី។

កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្ត និងវឌ្ឍនភាពនៃគំនិតផ្តួចផ្តើមក្រោមផែនការ AEC Blueprint 2025 និងស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់នាពេលបច្ចុប្បន្ន។

លើសពីនេះទៀត កិច្ចប្រជុំក៏បានស្វាគមន៍ និងសម្តែងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការផ្តល់ប្រយោជន៍សេដ្ឋកិច្ចជាអាទិភាពចំនួន១៦ របស់ឥណ្ឌូនេស៊ី (PEDs) សម្រាប់ឆ្នាំ២០២៣ ក្រោមការដឹកនាំរបស់ខ្លួន ដែលត្រូវបានដាក់ចេញលើមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន” និងគាំទ្រដល់ការជំរុញជាយុទ្ធសាស្រ្តចំនួន៣គឺ៖ “ការស្តារ និងការកសាងឡើងវិញ សេដ្ឋកិច្ចឌីជីថល និងនិរន្តរភាព”៕

LEAVE A REPLY

Please enter your comment!
Please enter your name here