ដោយៈ សុខុម
ក្រុងឆាងសា: គម្រោងសរុបចំនួន១១៣ ជាមួយទំហំវិនិយោគរួមប្រមាណ១០,៨៤ពាន់លានដុល្លារអាមេរិក ត្រូវបានចុះហត្ថលេខាអំឡុងពិព័រណ៍សេដ្ឋកិច្ច និងពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (អាសិប-RCEP) ដែលប្រារព្ធឡើងនៅខេត្តហ៊ូណាន (Hunan) ភាគកណ្តាលប្រទេសចិន។
អ្នករៀបចំព្រឹត្តការណ៍នេះលើកឡើងថា ព្រឹត្តិការណ៍ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៤ ខែឧសភា នៅទីក្រុងហួយហ័រ (Huaihua) នៃខេត្តហ៊ូណាន បានក្លាយជាវេទិកាថ្មីមួយ សម្រាប់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP និងតំបន់ថ្នាក់ខេត្តនៃប្រទេសចិន តាមច្រករបៀងពាណិជ្ជកម្មសមុទ្រ-ដីគោកអន្តរជាតិថ្មី (New International Land-Sea Trade Corridor)។
យោងតាមសារព័ត៌មាន Xinhua ចុះផ្សាយនៅថ្ងៃអង្គារ ទី៩ ខែឧសភា នេះឱ្យដឹងថា ច្រករបៀងនេះ ជាច្រកឆ្លងកាត់ពាណិជ្ជកម្ម និងភ័ស្ដុភារកម្ម ដែលត្រូវបានកសាងរឡើងរួមគ្នា ដោយតំបន់ថ្នាក់ខេត្តនៅភាគខាងលិចនៃប្រទេសចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ាន។
ពិព័រណ៍រយៈពេល៤ថ្ងៃនេះ ទាក់ទាញសហគ្រាសល្បីៗបានជាង៦០០សហគ្រាស និងអ្នកទិញជាង១.០០០នាក់ ទាំងក្នុងស្រុក និងបរទេស រួមទាំង១១២ក្រុមហ៊ុន មកពីប្រទេសជាសមាជិក RCEP ចំនួន១៤ផ្សេងទៀតផងដែរ។
ជាមួយនឹងសកម្មភាពចម្រុះ ទាំងក្រៅបណ្តាញអ៊ីនធឺណិត (Offline) និងអនឡាញ ពិព័រណ៍នេះមានផលិតផលពិសេសជាង២.០០០ប្រភេទ មកពីប្រទេសជាសមាជិក RCEP ត្រូវបានដាក់តាំងបង្ហាញនៅក្នុងមជ្ឈមណ្ឌល សន្និបាតអន្តរជាតិក្នុងទីក្រុងនេះ។
ហួយហ័រ គឺជាទីក្រុងតភ្ជាប់តែមួយគត់ នៃខេត្តហ៊ូណាន តាមបណ្តោយច្រករបៀងពាណិជ្ជកម្មសមុទ្រ -ដីគោកអន្តរជាតិថ្មី និងជាមជ្ឈមណ្ឌលដំឡើងទំនិញ សម្រាប់បណ្តាប្រទេសអាស៊ាន៕ Xinhua៕