ទំហំចំណូលរបស់រដ្ឋាភិបាលទទួលបានពីវិស័យE-Commerceកំពុងកើនឡើង

ដោយៈ ច្រាយ ចំណាន

        ភ្នំពេញៈ រដ្ឋាភិបាល​កម្ពុជា​រក​ចំណូល​ពន្ធ ​បាន​ប្រមាណ​ជាង២១ ​លាន​ដុល្លារ ​ពីការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​(e-commerce)​ នៅ​ត្រីមាស​ទី​១ ឆ្នាំ ​២០២៣។

ចំនួនទឹកប្រាក់នេះ បាននិងកំពុង​ឆ្លុះបញ្ចាំង ​ពី​ការកើនឡើង​ប្រតិបត្តិការ​តាម​អន​ឡាញ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ពិសេស​ចាប់​​តាំងពី​ការរីក​រាលដាល​ជំងឺ​កូ​វីដ ​១៩ មក​។​

យោងតាម​របាយការណ៍​ពី​អគ្គនាយកដ្ឋាន​ពន្ធដារ​ (GDT) ប្រាក់​​ចំណូល​ពន្ធ​លើ​តម្លៃបន្ថែម ​ពី​ពាណិជ្ជ​កម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នៅក្នុង​ត្រីមាស​ទី១ ឆ្នាំ​ ២០២៣ មាន​ប្រមាណ២០,៩១​ លាន​ដុល្លារ ខណៈ​ចំណូល​នេះ ​រួមចំណែក​ដល់​ការបង្កើត ​ប្រាក់​ចំ​ណូ​ល​ពន្ធ​របស់​រដ្ឋាភិបាល​ពី​អាជីវកម្ម​បច្ចេកវិទ្យា ដែលជា​ប្រភព​ចំណូល​ថ្មី​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ាលឹម ហេង បានមានប្រសាសន៍ថា ការកើនឡើង​នៃ​អាជីវកម្ម​បច្ចេកវិទ្យា ស្របពេល​ការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ​នៃ​ការទូទាត់​តាមរយៈ​ឌីជីថល​បាន​ក្លាយជា​និន្នាការ​ថ្មី​មួយ​ នៃ​ការផ្លាស់ប្តូរ​សកម្មភាព​សេដ្ឋ​កិច្ច ​នៅ​កម្ពុជា​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស​ក្នុងអំឡុង​​ពេល​រីក​រាលដាល​ជំងឺ​កូ​វីដ ​១៩​។​

លោក​បន្តថា អាជីវកម្ម​ជាច្រើន ​កំពុង​ទទួលយក​វេទិកា​ឌីជីថល​ដើម្បី​បម្រើ​ដល់​តម្រូវការ​របស់​អតិថិជន ​ដែល​ចូលចិត្ត​ទិញ​ទំនិញ​តាម​អ៊ីន​ធឺ​ណិ​ត ខណៈ​ម​ធ្យោ​​បាយ​នៃ​ការទូទាត់​ តាមរយៈ​ឌីជីថល​ក៏​កាន់​តែមាន​ភាពងាយស្រួល និង​ទាន់ពេលវេលា​ផងដែរ​។​

ចំណែកលោកបណ្ឌិតគី សេរី​វឌ្ឍន៍ អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ក៏បាន​ចង្អុល​បង្ហាញថា ទន្ទឹមនឹងនោះ​ប្រ​ទេស​កម្ពុជា ​ក៏មាន​គោលដៅ​ប្រែ​ក្លាយ ទៅជា​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​ឆ្នាំ​ខាងមុខ​។ ការរីកចម្រើន​ឆាប់រហ័ស ​នៃ​ពា​ណិ​​ជ្ជ​កម្ម​តាម​អេឡិចត្រូនិក គឺជា​សញ្ញា​វិជ្ជមាន​សម្រាប់​ចក្ខុវិស័យ​ខាងលើ​។​

លោក​បញ្ជាក់ថា “​យើង​មើលឃើញថា ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ មាន​សារៈសំខាន់​កាន់តែខ្លាំង​ សម្រាប់​ប្រជាជន​យើង​ជា​រៀងរាល់ថ្ងៃ ដោយ​​សារ​មនុស្ស​ជាច្រើន ជាពិសេស​នៅតាម​ទីក្រុង និង​ខេត្ត​ធំៗ ​ចូលចិត្ត​ទិញ​ទំនិញ​ និង​សេវាកម្ម​តាម​អ៊ីន​ធឺ​ណិ​ត ​ជាជាង​ទៅ​ទីផ្សារ​ដោយផ្ទាល់​។

និន្នាការ​នេះ​បង្ហាញថា យើង​កំពុង​ឆ្ពោះ​យ៉ាង​លឿន​ក្នុង​ការទទួលយក​ពិភព​ឌីជីថល”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here