ការអភិវឌ្ឍសំណង់នៅលើកោះត្រូវចំណាយទុនខ្ពស់ជាង៣ដងនៃការអភិវឌ្ឍនៅលើដីគោក

        ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ បច្ចុប្បន្ននេះ វិនិយោគិនជាតិ និងអន្តរជាតិជាច្រើនបានចាប់អារម្មណ៍ និងវិនិយោគនៅតំបន់កោះជាហូរហែរ ដែលធ្វើឱ្យបណ្ដាកោះនានា នៅក្នុងប្រទេសកម្ពុជាចាប់ផ្ដើម មានការអភិវឌ្ឍជាបន្តបន្ទាប់។

យ៉ាងណាក្ដីការអភិវឌ្ឍសំណង់នានា នៅលើកោះត្រូវចំណាយទុនខ្ពស់រហូតដល់៣ដង នៃការអភិវឌ្ឍនៅលើដីគោក។លោក Ateeb Shrestha អ្នកគ្រប់គ្រងទូទៅនៃរីសតកោះក្របី នៅក្នុងខេត្តព្រះសីហនុបានមានប្រសាសន៍ថា ការចំណាយលើការសាងសង់សំណង់នានា ដូចជាបន្ទប់ស្នាក់នៅ វីឡានិងសំណង់នានា ត្រូវការចំណាយលុយច្រើនជាង ការអភិវឌ្ឍនៅតំបន់ដីគោក។ លោកថា ”មុននឹងយើងទទួលបានសមិទ្ធផលសំណ់ងវីឡា រីសតនេះ គឺយើងត្រូវការដឹកជញ្ជូនសម្ភារៈ មកកាន់កំពង់ផែ រួចហើយត្រូវដឹកតាមទូកម្ដងបន្តិចៗមកកាន់ដីកោះ ហើយដូចយើងដឹងហើយការដឹកជញ្ជូ​នតាមផ្លូវទឹកពីកំពង់ផែមកកាន់កោះ គឺត្រូវចំណាយលុយច្រើន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការអភិវឌ្ឍនៅលើដីកោះ ត្រូវការពេលវេលា គឺត្រូវធ្វើម្ដងបន្តិចៗ មិនមែនដូចការអភិវឌ្ឍនៅលើដីគោកនោះទេ ហើយការថែរទាំ ក៏ត្រូវចំណាយច្រើនជាងការថែទាំសំណង់ នៅដីគោកដូចគ្នាដែរ ។

លោកគួច ចំរើន អភិបាលខេត្តព្រះសីហនុបានមានប្រសាសន៍ថា បើសិនជាយើងអភិវឌ្ឍន៍សំណង់មួយ ឬក៏វីឡាមួយនៅលើដីកោះ យើងអាចយកលុយនោះ ទៅអភិវឌ្ឍន៍ដីគោកបានដល់ទៅ៣ឯណោះ ដូច្នេះហើយ ការអភិវឌ្ឍនៅលើកោះ ត្រូវចំណាយទុន៣ដងនៃទុននៅលើដីគោក ។

លោកបន្តថា បច្ចុប្បន្ននេះ មានក្រុមហ៊ុនបរទេសនិងក្នុងស្រុកជាច្រើន ចាប់អារម្មណ៍តំបន់កោះ នៅក្នុងខេត្តព្រះសីហនុ ហើយបានអភិវឌ្ឍកោះនានា ក្នុងខេត្តព្រះសីហនុជាបន្តបន្ទាប់ ដោយបច្ចុប្បន្នក្នុងចំណោមកោះទាំងអស់ ក្នុងខេត្តព្រះសីហនុ ត្រូវបានក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍អនុម័ត ឱ្យធ្វើការវិនិយោគប្រមាណ៧០ភាគរយហើយ ។

លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ក៏បានមានប្រសា​សន៍ថា ទេសចរណ៍តំបន់កោះឃើញថា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដូច្នេះការអភិវឌ្ឍតំបន់កោះ ក៏បានជួយលើកស្ទួយវិស័យទេ​សចរណ៍ និងជាផលិតផលទេសចរណ៍បន្ថែម សម្រាប់ភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស  ថ្វីត្បិតតែការស្នាក់នៅ និងការចំណាយនៅលើកោះមានតម្លៃខ្ពស់ជាង នៅលើគោកក៏ពិតមែន តែក៏មានភ្ញៀវទេសចរក្នុងស្រុកជាច្រើន ដែលមានលទ្ធភាពបានទៅសម្រាក និងកម្សាន្តនៅតំបន់កោះជាច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here