រដ្ឋបាលរាជធានីបញ្ជាក់ពីការបិទផ្លូវនិងការធ្វើចរាចរណ៍នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម

        ដោយៈ ហ្វីអូណា

        ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញបានជូនដំណឹង អំពីការបញ្ចៀ​សចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន លើកំណាត់មហាវិថីឈ្នះឈ្នះ ដល់ផ្លូវជាតិលេខ៦ ក្នុងថ្ងៃបើក និងបិទព្រឹត្តិការណ៍ប្រកួតកីឡា SEA Games។

​ រដ្ឋបាលរាជធានីភ្នំពេញ កាលពី​សប្តាហ៍មុន បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចៀសចរាចរយានយន្ត គ្រប់ប្រភេទជាបណ្តោះអាសន្ន ក្នុងពិធីបើក និងពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀប រយសាធារណៈ រដ្ឋបាលរាជធានីភ្នំពេញធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធ ពិធីរហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុ​ញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធីសម្រាប់ថ្ងៃនីមួយៗ។

ចំពោះតម្រាយផ្លូវ និងមហាវិថីដែលគណៈប្រតិភូ និងកីឡាករត្រូវធ្វើដំណើរឆ្លងកាត់ដូចជា កំណាត់ផ្លូវជាតិលេខ៦ (ចាប់ពីរង្វង់មូលព្រហ្មមុខបួន រហូតដល់ព្រំប្រទល់រាជធានីភ្នំពេញ) កំណាត់មហាវិថីឈ្នះ ឈ្នះ (ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ) និងកំណាត់មហាវិថីមិត្តភាពភ្នំពេញ ហាណូយ (ចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្សី) មិនអនុញ្ញាតឱ្យរថយន្តដឹកទំនិញធុនធ្ងន់ រថយន្តដឹកដី រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រធ្វើចរាចរ ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here