សភាតួកគីអនុម័តឱ្យប្រទេសហ្វាំងឡង់ ចូលជាសមាជិកNATO ខណៈប្រទេសស៊ុយអែតបន្តរង់ចាំ

ដោយៈ សុខុម

ក្រុងអង់ការ៉ា: សភានៃប្រទេសតួកគី បានអនុម័តច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា ដើម្បីអនុញ្ញាតឱ្យប្រទេសហ្វាំងឡង់ ចូលជាសមាជិក អង្គការបក្សសម្ព័ន្ធយោធាNATO ខណៈភ្លើងសង្រ្គា​មនៅអ៊ុយក្រែន កំពុងបន្តឆាបឆេះ។

សភាតួកគី ជាសមាជិកចុងក្រោយ ក្នុងចំណោមប្រទេសជាសមាជិកទាំង៣០នៃអង្គការNATO ដែលផ្តល់សច្ចានុម័តលើសមា​ជិកភាពរបស់ហ្វាំងឡង់ បន្ទាប់ពីសភាហុងគ្រី បានអនុម័តសេចក្ដីច្បាប់ស្រដៀងគ្នានេះកាលពីដើមសប្តាហ៍នេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយនៅថ្ងៃសុក្រ ទី៣១ ខែមីនា នេះ។

ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយកាលពីដើមខែមីនានេះថា ប្រទេសហ្វាំងឡង់ ទទួលបានការប្រទានពរជ័យពីប្រទេសទួកគី បន្ទាប់ពីបានចាត់វិធានការបង្ក្រាប ក្រុមដែលរដ្ឋាភិបាលក្រុងអង់ការ៉ា ចាត់ទុកថាជាក្រុមភេរវករ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រទេសហ្វាំងឡង់ និងប្រទេសស៊ុយអែត បានស្នើសុំចូលជាសមាជិកអង្គការNATO ក្នុងឆ្នាំ២០២២ ជាការឆ្លើយតបទៅនឹងឈ្លានពានរបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។ ប៉ុន្តែដំណើរការនេះត្រូវបានប្រទេសតួកគី និងប្រទេសហុងគ្រី ពន្យារពេលបោះឆ្នោតអនុម័ត។

លក្ខខណ្ឌទទួលយកប្រទេសណាមួយ ឱ្យចូលជាសមាជិកអង្គ NATO គឺត្រូវទទួលបានការផ្តល់សច្ចាប័ន ពីសភានៃប្រទេសជាសមា​ជិកអង្គការ NATO ទាំងអស់។

រដ្ឋាភិបាលហ្វាំងឡង់ បានចេញសេចក្តីថ្លែងការណ៍បន្ទាប់ពីសភាតួកគី បោះឆ្នោតអនុម័តថា “សមាជិកភាពរបស់NATO នឹងពង្រឹងសន្តិសុខរបស់ប្រទេសហ្វាំងឡង់ និងធ្វើឱ្យប្រសើរឡើងនូវស្ថិរភាព និងសន្តិសុខក្នុងតំបន់សមុទ្របាល់ទិក និងអឺរ៉ុបខាងជើង”៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here