លោក ពូទីន ទទួលស្គាល់យ៉ាងកម្រថា ទណ្ឌកម្មររបស់លោកខាងលិចបានបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចរុស្ស៊ី

សុខុម

ក្រុងឡុងដ៍: ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទទួលស្គាល់យ៉ាងកម្រគួរឱ្យភ្ញាក់ផ្អើលថា ទណ្ឌកម្មដាក់ដោយលោកខាងលិច ក្នុងគោលបំណងផ្ដាច់ដង្ហើមសេដ្ឋកិច្ចកុំឱ្យប្រទេសរុស្ស៊ី មានលុយជះធ្វើសង្គ្រាមនៅអ៊ុយក្រែន បានបង្កផលប៉ះពាល់សេដ្ឋកិច្ចរបស់ប្រទេសរុស្ស៊ី។

ក្នុងសុន្ទរកថាផ្សាយតាមទូរទស្សន៍ដោយទីភ្នាក់ងារព័ត៌មានរដ្ឋ TASS កាលពីថ្ងៃពុ ទី២៩ ខែមីនា លោក ពូទីន លើកឡើងថា “ការរឹតបន្តឹងដោយខុសច្បាប់ដែលដាក់មកលើសេដ្ឋកិច្ចរុស្ស៊ី ពិតជាបានបង្កផលប៉ះពាល់ជាអវិជ្ជមានមកលើសេដ្ឋកិច្ចនេះក្នុងរយៈពេលមធ្យម”។ នេះបើយោងតាមសារព័ត៌មាន CNN ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមីនា។

វាជាការទទួលស្គាល់ដ៏កម្រពីសំណាក់មេដឹកនាំរុស្ស៊ី រូបនេះដែលកន្លងមកបានអះអាងម្តងហើយម្តងទៀតថា សេដ្ឋកិច្ចរបស់រុស្ស៊ី នៅតែមានភាពធន់ ពោលគឺមានរង្គោះរង្គើឡើយ ហើយថា ទណ្ឌកម្មនានាបានបង្កផលប៉ះពាល់ទៅលើប្រទេសលោកខាងលិច ទៅវិញទេតាមរយៈការជំរុញឱ្យអតិផរណា និងតម្លៃថាមពលហក់ឡើងខ្ពស់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ពូទីន និយាយថា សេដ្ឋកិច្ចរបស់រុស្ស៊ី បាននិងកំពុងសម្រេចបានកំណើនចាប់តាំងពីខែកក្កដា ឆ្នាំ២០២២ ដែលមួយផ្នែកដោយសារទំនាក់ទំនងកាន់តែរឹងមាំជាមួយ “បណ្ដាប្រទេសនៅភាគបូព៌ា និងភាគខាងត្បូង” ដែលទំនងជាសំដៅដល់ប្រទេសចិន និងប្រទេសមួយចំនួននៅអាហ្វ្រិក។

លោកក៏បានសង្កត់ធ្ងន់ដែរថា តម្រូវការក្នុងស្រុកពិតជាមានសារៈសំខាន់ណាស់ចំពោះសេដ្ឋកិច្ច ហើយថា វាកំពុងក្លាយជាកត្តាជំរុញកំណើនឈានមុខគេ។

ទោះជាយ៉ាងណា ផលប៉ះពាល់ដែលបង្កឡើងដោយទណ្ឌកម្មរបស់លោកខាងលិច បានលេចចេញមកជាបណ្ដើរៗហើយនៅពេលនេះ។

តួយ៉ាង ប្រាក់ចំណូលរបស់រដ្ឋាភិបាលរុស្ស៊ី បានធ្លាក់ចុះរហូតដល់ទៅ៣៥%ក្នុងខែមករា ដើមឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន ខណៈការចំណាយបានកើនឡើងខ្ពស់រហូតដល់ទៅ៥៩%ដែលនាំឱ្យមានឱនភាពថវិកាប្រមាណ២៣,៣ពាន់លានដុល្លារ។

ធនាគារពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះ៣,៣% ខណៈអង្គការដើម្បីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ (OECD) ព្យាករថានឹងធ្លាក់ចុះដល់ទៅ៥,៦%ក្នុងឆ្នាំ២០២៣ នេះ។

ទន្ទឹមនេះមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករថា សេដ្ឋកិច្ចរុស្ស៊ី នឹងធ្លាក់ចុះយ៉ាងតិច៧%ក្នុងរយៈពេលមធ្យម៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here