បណ្ដាវិនិយោគិនចិន កំពុងសម្រុកទិញអចលនទ្រព្យគ្រប់ប្រភេទ នៅភូកេត ប្រទេសថៃ

ដោយៈ សុខុម

បាងកក: បណ្ដាវិនិយោគិនចិន កំពុងសម្រុកទិញអចលនទ្រព្យក្នុងខេត្តភូកេត ប្រទេសថៃ រួមមានខុនដូ វីឡា ផ្ទះអាជីវកម្ម និងចម្ការទុរេនផងដែរ ដើម្បីទុកបម្រើភ្ញៀវទេសចរមកពីប្រទេសចិន។ នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Knight Frank Thailand។

លោក Nattha Kahapana នាយកគ្រប់គ្រងក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យខាងលើនេះបានលើកឡើងថា ទីផ្សារអចលនទ្រព្យនៅភូកេត កំពុងទទួលបានកំណើនតម្រូវការយ៉ាងគំហុក ដែលជំរុញបណ្ដាវិនិយោគិនអចលនទ្រព្យចិន និងអ្នកទិញជាជនជាតិរុស្ស៊ី។

លោកបន្ថែមទៀតថា “ជនជាតិរុស្ស៊ី កំពុងសម្រុកទិញអចលនទ្រព្យនៅភូកេត សម្រាប់រស់នៅ។ ពួកគេមានបំណងទិញភ្លាមៗ ព្រោះចង់ចាប់ផ្តើមរើចូលនៅភ្លាមៗ”។ លោកបន្តថា “តាមការរំពឹងទុក វិនិយោគិនចិន កាន់តែច្រើននឹងសម្រុកមកទិញអចលនទ្រព្យ ៧ទៅ៨ខែបន្ទាប់ពីភ្ញៀវទេសចរហូរចូល”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ជនជាតិរុស្ស៊ី ចាប់អារម្មណ៍ទិញវីឡាដែលមានអាងហែលទឹក ចំណែកឯវិនិយោគិនចិន ចូលចិត្តអចលនទ្រព្យគ្រប់ប្រភេទរួមមានខុនដូ វីឡា ហាងទំនិញ និងសូម្បីតែចម្ការទុរេន។ លោកបន្តថា វិនិយោគិនចិន ចង់ជួលខុនដូ និងវីឡាទាំងនោះឱ្យភ្ញៀវទេសចរចិន និងនាំពួកគេទៅដើរលេងក្នុងចម្ការទុរេន។

លោក Frank Khan នាយកប្រតិបត្តិ និងជាប្រធានផ្នែកលំនៅដ្ឋានថ្លែងថា នៅទីក្រុងបាងកក ទីផ្សារអាផាតម៉ិនជួលនៅទីតាំងចាប់ពី Ploenchit ដល់ Ekamai ជាមួយនឹងការជួលក្នុងតម្លៃខ្ទង់១.៥០០ដុល្លារ ក្នុងមួយខែបានដំណើរការឡើងវិញ នៅក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣។

លោកនិយាយថា “អត្រាចូលស្នាក់នៅអាផាតម៉ិន ក្នុងទីតាំងនេះបានងើបឡើងវិញពី១០% កើនឡើងដល់៤០% អំឡុងវិបត្តិកូវីដ-១៩”។ លោកបន្តថា “ក្រុមហ៊ុនពហុជាតិសាសន៍ជាច្រើន និងនាយកប្រតិបត្តិនៃក្រុមហ៊ុនទាំងនេះ កំពុងត្រលប់មកវិញ ជាពិសេសជនបរទេសមកពីសិង្ហបុរី តៃវ៉ាន់ ហុងកុង និងម៉ាឡេស៊ី”។

លោក Frank Khan ថ្លែងថា នេះគឺជាសញ្ញាល្អសម្រាប់ទីផ្សារជួលក្នុងឆ្នាំ២០២៣ទាំងមូល ដោយតម្រូវការខុនដូប្រណីតពីសំណា​ក់បណ្ដាវិនិយោគិនថៃ ដែលបានទិញខុនដូទុកជួលទំនង ជានឹងបន្តឡើងវិញនៅតំបន់កណ្ដាលក្រុង បន្ទាប់ពីបានពន្យារពេលអំឡុងវិបត្តិកូវីដ-១៩៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here