មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មចាត់ទុកអង់គ្លេសជាដៃគូ ពាណិជ្ជកម្មសំខាន់របស់កម្ពុជា

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកសំហេង បូរ៉ាបានក៏បានថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលអង់គ្លេស ដែលបានបន្តនូវការគាំទ្រដល់កម្ពុជា ដោយរក្សាការផ្តល់នូវប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជា បើទោះបីជាប្រទេសអង់គ្លេស ចាកចេញពីសហភាពអឺរ៉ុបក៏ដោយ។

លោកបន្តថា ចំពោះប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ថ្មីនេះ កម្ពុជានៅតែទទួលផលប្រយោជន៍ និងអាចនាំចេញទៅទីផ្សារ ចក្រភពអង់គ្លេសបានដោយទទួលបានអត្រាអនុគ្រោះពន្ធសូន្យ ជាមួយនីតិវិធីសាមញ្ញ វិធានដើមកំណើតទំនិញ ដែលងាយបំពេញបានជាងមុន និងវិធានបូកបន្ថែម ដែលអាចរួមបញ្ចូលនូវវត្ថុធាតុ ពីប្រទេសជាង៩៥ប្រទេស។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកសំហេង បូរ៉ាបានបង្ហាញនូវជំនឿយ៉ាងមុតមាំថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះ នឹងជួយជំរុញកំណើនពាណិជ្ជកម្មទ្វេរភាគី និងបង្កើននូវទំនិញមានគុណភាពពីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស។

លោករដ្ឋលេខាធិការបានរំលេចផងដែរ នូវទំហំពាណិជ្ជកម្មទ្វេភាគី ដែលសម្រេចបានដូចខាងក្រោម ទី១ – ទំហំពាណិជ្ជកម្មសរុបកម្ពុជា-ចក្រភពអង់គ្លេស មានចំនួនប្រមាណ ៩៧៧ លានដុល្លារ ក្នុងឆ្នាំ២០២២ កើនឡើង២៣,៩៨ ភាគរយ ធៀបនឹងឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៧៨៨លានដុល្លារ។

ទី២ ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញ ចំនួនប្រមាណ៨៨៦ លានដុល្លារ និងបាននាំចូលចំនួនប្រមាណ៩១លានដុល្លារ។ ទី៣ សម្រាប់រយៈពេលពីរខែដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបទ្វេភាគី គឺមានចំនួនប្រមាណ១២១លានដុល្លារ។ ទី៤ ផលិតផលនាំចេញសំខាន់ៗរបស់កម្ពុជារួមមាន សម្លៀកបំពាក់ វាយនភណ្ឌ ស្បែក​ជើង និងកង់ ខណៈនាំចូលពីចក្រភពអង់គ្លេសមកនូវផលិត​ផល​ដូចជា រថយន្ត ចំណីសត្វ ភេសជ្ជៈ ជាដើម។ល។

លោកសំហេង បូរ៉ាបានមានប្រសាសន៍ឲ្យដឹងបែបនេះ ក្នុងពេលអញ្ជើញថ្លែងសុន្ទរកថាគន្លឹះ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម របស់ចក្រភពអង់គ្លេស សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ (UK’s Developing Countries Trading Schemes) តបតាមការអញ្ជើញរបស់ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here