កម្ពុជារៀបចំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងសហគ្រិនកម្ពុជា ចិន

  ដោយៈ ជេស៊ីកា

       ភ្នំពេញៈ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញជាវាគ្មិន ក្នុងវេទិកា “កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគសហគ្រិនកម្ពុជា-ចិន” ដែលបានរៀបចំឡើងដោយ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា។

វេទិកានេះ មានកិច្ចសហការពីសមាគម ហឺហឺហួយ (Hehehui) នៃសាធារណរដ្ឋប្រជាមានិតចិន​ នៅសណ្ឋាគារ អោកវូដ ព្រីមៀរ ភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងបាឋកថា អំពីកាលានុវត្តភាព នៃការធ្វើជំនួញ និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ លោកអភិបាលរងបានជម្រាបជូនអង្គពិធីទាំងមូល អំពីស្ថានភាពភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធនានាដែលអំណោយផលយ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ចរបស់ខេត្ត។

ជាមួយគ្នានេះ លោកបានពន្យល់យ៉ាងលំអិត អំពីសក្តានុពល និងការអភិវឌ្ឍខេត្ត​ ជាពិសេស អំពីផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

ឆ្លៀតក្នុងឱកាសដ៏ប្រពៃនេះ លោកអភិបាលរង​ បានទាញចំណា​ប់អារម្មណ៍វិនិយោគិនកម្ពុជា និងចិន ឱ្យពិចារណាលើការបណ្តាក់ទុននៅក្នុងវិស័យសំណង់ នៅខេត្តព្រះសីហនុ ដែលពោរពេញទៅដោយសក្តានុពល និងលទ្ធភាពក្នុងការទទួលបានការលើកទឹកចិត្ត ពិសេសនានាពីរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈបាឋកថានេះ វិនិយោគិនជាច្រើន បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានចាត់ទុកខេត្តព្រះសីហនុ ជាគោលដៅវិនិយោគមួយនៅកម្ពុជា ដែលនេះជាសញ្ញាយ៉ាងវិជ្ជមាន ចំពោះសេដ្ឋកិច្ចកម្ពុជា និងខេត្តព្រះសីហនុ និយាយជារួម និងដោយឡែក៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here