ធនាគារABAប្រកាសជោគជ័យនូវគំរោងបញ្ជាការហោះហើរពេញលេញលើកដំបូងនៅកម្ពុជា

ដោយៈ សហសេវិក

       ភ្នំពេញៈ ធនាគារABA បានប្រកាស​នូវ​ជោគជ័យ​របស់ខ្លួន ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឡាន​ម៉ី (LTC) ដោយ​ធនាគារABA បានផ្តល់​ហិរញ្ញប្បទាន និង​សម្របសម្រួ​ល​ដល់​ការបញ្ជាទិញ​ឧបករណ៍​ ហាត់​បញ្ជា​ការហោះហើរ​ពេញលេញ (​ដូច​ទៅនឹង​យន្តហោះ​ពិត​)​របស់​យន្តហោះ​ប្រភេទ​ Airbus A320 ដំបូងបង្អស់​នៅ​កម្ពុជា​។

ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​ឧបករណ៍ ​ហាត់​បញ្ជា​ការហោះហើរ​ពេញលេញ​នេះ ត្រូវបាន​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ ​នៅ​ថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣​។​

ក្នុងនាម​ជា​បុត្រ​សម្ពន្ធ​មួយ នៃ​ធនាគារជាតិ​កាណាដា ABA បានផ្តល់​ហិរញ្ញប្បទាន​និង​ដើរតួ​យ៉ាងសំខាន់ ​ក្នុងការ​សម្របសម្រួល​ដ​ល់​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Canadian Aviation Electronics និង មជ្ឈមណ្ឌល​បណ្តុះបណ្តាល ឡាន​ម៉ី​ដើម្បី​ទិញ​ឧបករណ៍​ហាត់​បញ្ជា​ការ​ហោះហើរ​នេះ​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មជ្ឈមណ្ឌល​បណ្តុះបណ្តាល ឡាន​ម៉ី​បាន​ទិញ​ឧបករណ៍​ហាត់​បញ្ជា​ការហោះហើរ​ពេញលេញ​ CAE-TSP 1000XR ដើម្បី​បន្ត​បណ្តុះបណ្តាល​បុគ្គលិក​អាកាសចរណ៍ របស់​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ដែលមាន​ការិយាល័យ​នៅ​កម្ពុជា រួមទាំង​ក្រុមហ៊ុន​អាកាសចរណ៍​ឡាន​ម៉ី (​ដែលជា​បុត្រ​សម្ពន្ធ​នៃ​ក្រុមហ៊ុន ​Lanmei Aviation Group) ផងដែរ​។

ឧបករណ៍​នេះ​នឹង​ជួយ​សម្រួល​ដល់​សិស្ស​ ដែល​បាន​ចុះឈ្មោះ​ចូលរៀន​ ក្នុង​កម្មវិធីសិក្សា​ថ្នាក់​អាកាសយានិក និង​កម្មវិធី​ថែទាំ​យន្តហោះ​បាន​ពេញលេញ និង​ជួយ​ឆ្លើយតប​ទៅនឹង​កំណើន​ នៃ​តម្រូវការ​អ្នកបើក​យន្តហោះ ​និង​អាកាសយានិក​ជំនាញៗ នៅក្នុង​ប្រទេស និង​ក៏ដូចជា​តំបន់​អាស៊ាន​។​

ប្រធាន​គ្រប់គ្រង​ទូទៅ ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឡាន​ម៉ី លោក កា​ពី​ទែន Goh Chee Hong បាន​បញ្ជាក់ថា ឧបករណ៍​នេះ​ផ្តល់​បរិយាកាស​ប្រកបដោយ​សុវត្ថិភាព ​និង​ការគ្រប់គ្រង​ពេញលេញ​សម្រាប់​អាកាសយានិក ក្នុងការ​អនុវត្ត និង​បំពេញ​ជំនាញ​បញ្ជាការ​ហោះហើរ​របស់​ពួកគេ​ ដោយ​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ឬ​ក្រុម​អាកាសយានិក​ណា​ឡើយ​។

លោកកា​ពី​ទែន​ Goh មាន​បន្ថែមថា “​ការនាំយក (​ទិញ​) ឧប​ករណ៍​អាកាសចរណ៍ ​ដែលមាន​តម្លៃ​ថ្លៃ​មក​កម្ពុជា គឺជា​កិច្ចការ​ដ៏​លំបាក​មួយ ដែល​ទាមទារ​មិន​ត្រឹមតែ​ការធានា​ ពី​ធនាគារ​មួយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជាការ​ធានា​ពី​ធនាគារ​មួយ ដែល​គេ​អាច​ជឿជាក់ និង​ទុកចិត្តបាន”​។លោកបន្តថា “​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ក្រៃលែង​ដែល​បានធ្វើការ​ជាមួយ​ធនាគារABA ដើម្បី​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​ដ៏​សំខាន់​នេះ​សម្រេច​ឡើង​បាន​” ។​

ជាមួយគ្នានេះ លោក Askhat Azhikhanov, នាយក​ប្រតិបត្តិ​នៃ​ធនាគារ ABA​ មានប្រសាសន៍ថា “​ធនាគារ ABA មាន​មោទនភាព​ដែល​បានឃើញ​ការរីកចម្រើន ​ក្នុង​វិស័យ​អាកាសចរណ៍​នៅ​កម្ពុជា​។ យើង​ជឿជាក់ថា ការគាំទ្រ​របស់ ABA លើ​គម្រោង​នេះ​នឹង​ជួយ​ដល់​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឡាន​ម៉ី ​ក្នុងការ​បណ្តុះ​ជំនាញ​ដែលជា​តម្រូវការ​ ដើម្បី​ទ្រទ្រង់​ដល់​ការរីកចម្រើន​ ក្នុង​វិស័យនេះ​ឲ្យ​បានយូរ​អង្វែង​តទៅ​។​

“​ធនាគារ ABA បាន​សម្របសម្រួល​កិច្ចព្រមព្រៀង ​រវាង​មជ្ឈ​មណ្ឌល​បណ្តុះបណ្តាល​ឡាន​ម៉ី ​និង​ក្រុមហ៊ុន Canadian Aviation Electronics ដោយ​បានធ្វើ​កិច្ចការ​ជាច្រើន​ដំណាក់កាល និង​ជាមួយ​ភាគី​ក្រុមហ៊ុន​ជាច្រើន​ទៀត រហូត​ទទួលបាន​ជោគជ័យ ដែល​ឈានដល់​ការសម្ពោធ​ឧបករណ៍​នេះ​ជា​ផ្លូវការ​នៅថ្ងៃនេះ​។

​វិស័យ​អាកាសចរណ៍​កម្ពុជា ​មានការ​រីកចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ប្រជាពលរដ្ឋ​កម្ពុជា​បង្ហាញ​ការ​ចំណាប់អារម្មណ៍​លើ​ការងារ ​ក្នុង​វិស័យ​អាកាសចរណ៍ រួមទាំង​ការបណ្តុះបណ្ដាល ដើម្បី​ក្លាយជា​អ្នកបើកបរ​យន្តហោះ​(​អាកាសយានិក​) អាជីព​ផងដែរ​។

ធនាគារ ABA គាំទ្រ​ដល់​ការអភិវឌ្ឍ​រយៈពេល​វែង ​នៃ​វិស័យ​អាកា​សចរណ៍​របស់​កម្ពុ​ជា តាមរយៈ​ការសម្របសម្រួល​ការវិនិយោគ​នៃ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ឡាន​ម៉ី ​ក្នុង​ការដំឡើង​ឧបករណ៍​ហាត់​បញ្ជា​ការហោះហើរ​ពេញលេញ​ម៉ាក CAE នេះ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here