វេទិកាCEOរៀបចំកម្មវិធីនៅក្រុងព្រះសីហនុ ក្រោមប្រធាន បទ “ជីវិតជាCEO”

 ដោយៈ និស្ស័យ

       ព្រះសីហនុៈ លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ កា​លពីថ្ងៃទី២៧ មិនា បានអញ្ជើញជាអធិបតីក្នុងពិធីបិទ វេទិកាជួបជុំ CEO នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ «ជីវិតជា CEO» ដែលបានរៀបចំឡើងដោយ ក្រុមហ៊ុនរដ្ឋា លីឌើរស៊ីប ឯ.ក (Rotha Leadership) នៅសណ្ឋាគារ ឆ្នេរសុខា។

លោកអភិបាលរងបានលើកឡើងថា ជីវិតជាCEO ដែលដឹកនាំក្រុមហ៊ុន និងជីវិតមន្ត្រីបំរើប្រជាពលរដ្ឋ គឺមិនខុសគ្នាទេ ពោលគឺយើងត្រូវការជាចាំបាច់នូវសិល្បៈ​នៃការដឹកនាំ ដើម្បីភាពរីកចំរើនប្រកប​ដោយចីរភាព និងចេះស្វែងរកឱកាសនៅក្នុងវិបត្តិ​។​ ជាក់ស្តែង យើងអាចមើលឃើញ​ តាមរយៈ​ការឆ្លៀតឱកាសសាងសង់ ហេដ្ឋារចនាសម្ព័ន្ធឱ្យបានរួចរាល់ក្នុងវិបត្តិកូវីដ-១៩ ដើម្បីសម្រួលដល់ជីវភាពប្រជាពលរដ្ឋ និងត្រៀមលក្ខណៈ​ទទួល​យកការវិនិយោគ នាពេលអនាគតដ៏ខ្លីខាងមុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលរង បានបន្ថែមទៀតថា វេទិកានេះគឺពិតជាបានបណ្តុះស្មារតី មនសិកា ឧត្តមគតិព្រមទាំងបង្កើតបាន នូវចំណងមិត្ត​ភាព សាមគ្គីភាព និងកិច្ចសហការល្អ សម្រាប់ពេលបច្ចុប្បន្ន និងតទៅអនាគត ព្រមទាំងបានផ្តល់ឱកាសដល់សហគ្រិន ម្ចាស់អាជីវកម្ម ចែករំលែកនូវចំណេះដឹង ជំនាញ បទពិសោធន៍ និងការអនុវត្តល្អៗ ដើម្បីរួមគ្នាពង្រឹងពង្រីកសមត្ថភាព និងសក្តានុពល។ លើសពីនេះ លោកបានបង្ហាញការគាំទ្រ និងលើកទឹកចិត្តឱ្យក្រុមហ៊ុន បន្តបេសកកម្មនេះ ឱ្យបានកាន់តែ ទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here