ព្រឹត្តិការណ៍ជាតិ អន្តរជាតិចំនួន២២ត្រូវបានដាក់ចេញក្នុងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣”

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣នេះ បានប្រកាសផ្សព្វផ្សាយវិធានការណ៍ គោលនយោបាយអនុវត្តយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) និងសារាចររាជរដ្ឋាភិបាល ស្តីពីការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣នេះ ព្រមទាំងបានលើកអនុសាសន៍មួយចំនួន ដល់គ្រប់ភាគីពាក់ព័ន្ធផងដែរ។

ការប្រកាសនេះធ្វើឡើងក្រោមអធិបតីភាព លោកទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ និងជាសមាជិកក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងទេសចរណ៍។

លោកទិត ចន្ថា បានឱ្យដឹងថា យោងតាមផែនទីចង្អុលផ្លូវ និងដោយអនុវត្តតាមអនុសាសន៍ណែនាំ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់២ រួមមាន ទី១ លើកកម្ពស់កិត្តិនាមទេសចរណ៍ “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ” នៅលើទីផ្សារទេសចរណ៍ឱ្យកាន់តែខ្លាំងក្លា និងទី២ ផ្សារភ្ជាប់រវាងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ដើម្បីបង្កើនឧត្ដមភាពប្រកួតប្រជែងទេសចរណ៍កម្ពុជាក្រោយវិបត្តិជំងឺកូវីដ-១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកទិត ចន្ថាបានបន្តថា ដើម្បីសម្រេចបាននូវគោលបំណងនេះ វិធានការគោលនយោបាយ អនុវត្តន៍យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ត្រូវបានរៀបចំដោយផ្អែកលើអភិក្រម នៃការជំរុញព្រឹត្តិ​ការណ៍ ដែលក្នុងនោះមានព្រឹត្តិការណ៍អន្តរជាតិ និងជាតិចំនួន២២ព្រឹត្តិការណ៍ និងព្រឹត្តិការណ៍កម្រិតមូលដ្ឋាន នៅទូទាំង២៥រាជធានី-ខេត្ត និងអភិក្រមនៃការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ តាមរយៈការដាក់ចេញ នូវយុទ្ធនាការឆ្នាំទស្សនាកម្ពុជា២០២៣ ក្រោមពាក្យស្លោក “គ្រប់ថ្ងៃគឺជាអច្ឆរិយភាព” (Every day is a Wonder) ដែលមានលម្អិតក្នុងវិធានការទាំង១៩។

ក្នុងន័យនេះ ការកំណត់ទីតាំងទីផ្សារទេសចរណ៍កម្ពុជា (Positioning) នៅលើទីផ្សារក្នុងតំបន់ និងសកលោកក្រោយវិបត្តិជំងឺកូវីដ-១៩ គឺពិតជាមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅដាក់ចេញនូវយុទ្ធនាការ ផ្សព្វផ្សាយដ៏មានប្រសិទ្ធភាព ជាមួយការបង្កើត Branding និងសារខ្លីៗដែលមានភាពទាក់ទាញ និងងាយចងចាំសម្រាប់ភ្ញៀវទេសចរ។

លោកទិត ចន្ថា បានលើកឡើងនូវអនុសាសន៍មួយចំនួន ដើម្បីជំរុញការអនុវត្តវិធានការគោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ដូចខាងក្រោម ទី១. ស្នើឱ្យគ្រប់ក្រសួង-ស្ថាប័នរដ្ឋ រដ្ឋបាលរាជធានី-ខេត្ត ផ្នែកឯកជន និងប្រជាពលរដ្ឋគ្រប់រូបចូលរួមអនុវត្តតាមស្មារតីនៃវិធានការ គោលនយោបាយអនុវត្តយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” និងសារាចររាជរដ្ឋាភិបាលស្តីពី ការរៀបចំយុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដើម្បីជំរុញយុទ្ធនាការដ៏មានសារៈសំខាន់នេះឱ្យទទួលបានជោគជ័យ ចូលរួមគាំទ្រដល់ការងើបឡើងវិញនៃកំណើនទេសចរណ៍កម្ពុជាពីវិបត្តិជំងឺកូវីដ-១៩។

ទី២. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទាំងក្រសួង ស្ថាប័នរដ្ឋ និងប្រតិបត្តិករ ក្នុងវិស័យឯកជនចូលរួមប្រើប្រាស់ និងផ្សព្វផ្សាយនិមិត្តសញ្ញា (Logo) របស់យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ឱ្យបានទូលំទូលាយនៅគ្រប់ស្ថាប័ន មូលដ្ឋានអាជីវកម្មទេសចរណ៍ គោលដៅទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ និងសម្បទាគាំទ្រនានា ជាអាទិ៍ នៅលើយន្តហោះនៃក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិហោះចូលកម្ពុជា អាកាសយានដ្ឋានអន្តរជាតិ និងច្រកទ្វារអន្តរជាតិនានាជាដើម។

ទី៣. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមផ្សព្វផ្សាយ”កម្ពុជា ជាគោលដៅទេសចរណ៍ម្ហូបអាហារ” ដែលជាផ្នែកដ៏សំខាន់មួយនៃការចូលរួម ដល់ការជំរុញពិពិធកម្មនៃវិស័យទេសចរណ៍កម្ពុជា ជាពិសេសចូលរួមផ្សព្វផ្សាយ យុទ្ធនាការឆ្នាំទស្សនាកម្ពុជា ២០២៣ ដែលមានសារមួយ គឺ “គ្រប់រសជាតិ គឺជាអច្ឆរិយភាព” (Every flavour is a Wonder) សម្រាប់ផ្សព្វផ្សាយពីម្ហូបអាហារនៅតាមតំបន់ និងគោលដៅនានានៅកម្ពុជា ដែលសុទ្ធតែមានរសជាតិ និងភាពពិសេសរៀងៗខ្លួន។

ទី៤. ស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ចូលរួមបង្កើត និងបង្កើនការរៀបចំនិងផ្សព្វផ្សាយ “ផ្លូវទស្សនាចរណ៍កម្ពុជា” សម្រាប់ឆ្នាំ២០២៣ ដោយផ្តោតលើសក្តានុពលទេសចរណ៍ ដ៏លេចធ្លោរបស់កម្ពុជា ដើម្បីបង្កើតជាខ្សែទស្សនកិច្ចថ្មីៗ និងទាក់ទាញប្រកបដោយភាពប្រកួតប្រជែងខ្ពស់។

ទី៥. ដើម្បីអនុវត្តវិធានការទី៩ នៃវិធានការគោលនយោបាយស្តីពីការបំផុសចលនាពីវិស័យសាធារណៈ និងឯកជនលើយុទ្ធនាការ”ថ្លៃ” និងស្របតាមអនុសាសន៍ណែនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី កាលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ដែលមានខ្លឹមសារណែនាំ «សូមឱ្យក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ចូលរួមជាមួយគ្នាដើម្បីដាក់ជាតម្លៃ កុំឱ្យពិបាកសួរ …», លោកបានស្នើដល់រដ្ឋបាលរាជធានី-ខេត្ត និងគ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ ពិសេសសេវាកម្មម្ហូបអាហារ ត្រូវចូលរួមអនុវត្តតាមសារាចរណែនាំ លេខ ០០២សរណន. ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ស្តីពីការរៀបចំដាក់តាំងបង្ហាញបញ្ជីរាយនាម សេវាកម្មរបស់អាជីវកម្ម សេវាកម្មទេសចរណ៍ ដោយមានភ្ជាប់ជាមួយតម្លៃ។

ទី៦. ស្នើដល់ប្រជាពលរដ្ឋចូលរួមត្រៀមខ្លួន ឱ្យបានរួចរាល់ក្នុងនាមជាម្ចាស់ផ្ទះរៀបចំ ព្រឹត្តិការណ៍កីឡាដ៏ធំ ដោយត្រូវចូលរួមផ្តល់បដិសណ្ឋារកិច្ចល្អ ប្រកបដោយភាពកក់ក្តៅ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទី៕

LEAVE A REPLY

Please enter your comment!
Please enter your name here