រដ្ឋមន្រ្តីពាណិជ្ជកម្មបង្ហាញពីឱកាសធ្វើពាណិជ្ជកម្មនិងវិនិយោគ ដល់វិនិយោគិនថៃ

ដោយៈ វឌ្ឍនៈ

បាងកកៈ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម បានបង្ហាញពីឱកាសនៃការធ្វើពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ទៅដល់វិនិយោគិននិងធុរជនថៃ ក្នុងឱកាសដែលលោកបានចូលរួមក្នុងសិក្សាស្ដីពី ទិសដៅអនាគតនៃឱកាសពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ឆ្នាំ២០២៣ កាលពីថ្ងៃទី២៨ មីនា ២០២៣។

លោកបានថ្លែងអំណរគុណ ដល់ក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ថៃ សភាពាណិជ្ជកម្មថៃ ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ គណៈកម្មាធិការអចិ​ន្ត្រៃយ៍ចម្រុះស្តីពី ពាណិជ្ជកម្មនិងឧស្សាហកម្ម និងធនាគារនៃប្រទេសថៃ ដែលបានរៀបចំធ្វើសិក្ខាសាលាដ៏សំខាន់នេះ ព្រមទាំងបានសម្ដែងនូវការកោតសរសើរ ចំពោះអ្នកចូលរួមទាំងអស់ក្នុងសិក្ខាសាលានេះ ដែលជាការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងជាកម្លាំងជំរុញដ៏ធំធេង ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការ ជំរុញពាណិជ្ជកម្ម និងវិនិយោគនាពេលអនាគត រវាងកម្ពុជា-ថៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “ការជួបជុំគ្នាថ្ងៃនេះ គឺជាព្រឹត្តិ​ការណ៍ដ៏សំខាន់ វិនិយោគិនថៃដែលមានសក្តានុពល អាចស្វែងរកព័ត៌មានពាក់ព័ន្ធទាំងអស់ នៃការធ្វើពាណិជ្ជកម្ម និងឱកាសវិនិយោគនៅកម្ពុជាៗ”។

លោកបន្តថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាលោក សូមស្វាគមន៍វិនិយោគិនថៃ ដែលមានគម្រោងវិនិយោគ ឬពង្រីកគម្រោងវិនិយោគនៅកម្ពុជា ហើយសម្រាប់ធុរជនដែលមិនទាន់បានបណ្តាក់ទុននៅកម្ពុជា សូមអញ្ជើញមកស្វែងយល់ពីសក្តានុពល និងឱកាសក្នុងការវិនិយោគ ឬចូលរួមបណ្តាក់ទុនជាមួយអ្នកវិនិយោគកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ឱ្យបានច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី និងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ក្នុងតំបន់ដែលកម្ពុជាសម្រេចបាន។

លោកបានលើកទឹកចិត្តឱ្យវិនិយោគិន នៃប្រទេសទាំងពីរពិនិត្យលទ្ធភាពវិនិយោគលើ វិស័យសេដ្ឋកិច្ចចក្រា និងកសិឧស្សាហកម្មផងដែរ។

លោកប៉ាន សូរស័ក្តិ ក៏បានស្នើសុំសភាពាណិជ្ជកម្មថៃ និងក្រុមប្រឹក្សាពាណិជ្ជកម្មថៃ ធ្វើការយ៉ាងជិតស្និទ្ធជាមួយសភាពាណិជ្ជកម្មកម្ពុជា ដើម្បីផ្លាស់ប្តូរទស្សនកិច្ច រវាងវិស័យឯកជនរបស់ប្រទេសទាំងពីរ ក្នុងបំណងជំរុញពាណិជ្ជកម្ម និងសកម្មភាពវិនិយោគក្នុងប្រទេសទាំងពីរឱ្យកាន់តែច្រើនបន្ថែមទៀត ព្រមទាំងបានបានអញ្ជើញភាគីពាក់ព័ន្ធវិស័យឯកជននៃប្រទេសថៃ ក្រុមហ៊ុនថៃ ព្រមទាំងពាណិជ្ជករថៃ ចូលរួមក្នុងការតាំងពិព័រណ៍ផលិតផល និងនាំចូល-នាំចេញរបស់កម្ពុជាលើកទី១៧ ដែលនឹងប្រារព្ធឡើងជាប្រចាំ នៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ និងជារៀងរាល់ឆ្នាំ នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។

រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជំរុញភាគីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំធ្វើការងារបន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យកើនដល់ចំនួន១៥ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ២០២៥ ដែលកំណត់ដោយនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ។

ក្នុងនោះដែរ ក្រុមហ៊ុនមួយចំនួនរបស់ថៃ ក៏បានសន្យាថានឹងទៅបំពេញទស្សនកិច្ចសិក្សានៅកម្ពុជា ដើម្បីស្វែងយល់ពីកាលានុវត្តភាព ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here