ប្រទេសចិនជំរុញឱ្យសហរដ្ឋអាមេរិកលុបចោលពន្ធបន្ថែមទាំងអស់ ខណ:សង្គ្រាមពាណិជ្ជកម្មបន្តអូសបន្លាយអស់ជិត៥ឆ្នាំ

ដោយ: គង់ លាងហួរ
ប៉េកាំង: ក្រសួងពាណិជ្ជកម្មចិនបានអំពាវនាវឱ្យសហរដ្ឋអាមេរិកលុបចោលពន្ធបន្ថែមទាំងអស់ ដែលដាក់មកលើប្រទេសចិនឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងធ្វើការជាមួយភាគីចិនដើម្បីរក្សាស្ថិរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងឧស្សាហកម្មសកល ដើម្បីជាប្រយោជន៍ដល់ប្រជាជនប្រទេសទាំងពីរ និងពិភពលោក។

លោកស្រី Shu Jueting អ្នកនាំពាក្យរបស់ក្រសួងពាណិជ្ជកម្មបានធ្វើការកត់សម្គាល់ បន្ទាប់ពីគណៈកម្មការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិកបានចេញផ្សាយរបាយការណ៍មួយដោយអះអាងថា ពន្ធបន្ថែមរបស់អាមេរិក ដែលដាក់ក្រោមផ្នែកទី៣០១ លើការនាំចូលមួយចំនួនពីប្រទេសចិនបានកាត់បន្ថយការនាំចូលផលិតផលទាំងនេះ ព្រមទាំងបានបង្កើនផលិតកម្ម និងតម្លៃរបស់វា។

របាយការណ៍នោះបានរកឃើញថាជាមធ្យមចាប់ពីឆ្នាំ២០១៨ដល់ឆ្នាំ២០២១ អ្នកនាំចូលរបស់អាមេរិកបានចំណាយស្ទើរតែទាំងស្រុងនៃតម្លៃពន្ធទាំងនេះ ដោយសារតែតម្លៃនាំចូលបានកើនឡើងក្នុងអត្រាដូចគ្នាទៅនឹងពន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ពន្ធគយក្រោមផ្នែកទី៣០១ ដែលដាក់លើផលិតផលរាប់ពាន់មុខដែលនាំចូលពីប្រទេសចិនបានចាប់ផ្តើមឡើងកាលពីខែកក្កដា ឆ្នាំ២០១៨មកម្ល៉េះ។

លោកស្រី Shu បានកត់សម្គាល់ថា “របាយការណ៍នេះបានបញ្ជាក់ពីទស្សនៈដែលធ្វើឡើងយ៉ាងទូលំទូលាយដោយអ្នកជំនាញពាណិជ្ជកម្ម ដែលថាពន្ធគយបានបង្កឱ្យមានគ្រោះថ្នាក់ដល់សហរដ្ឋអាមេរិកខ្លួនឯង”។

លោក He Weiwen អ្នកជំនាញជាន់ខ្ពស់នៅមជ្ឈមណ្ឌលសម្រាប់ប្រទេសចិន និងសកលភាវូបនីយកម្ម បានបញ្ជាក់ប្រាប់កាសែត Global Times ថា “ពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិនបានធ្វើឱ្យប៉ះពាល់ដល់ភាគីទាំងពីរ ប៉ុន្តែក្រុមហ៊ុននៅសហរដ្ឋអាមេរិកបានរងការខូចខាតច្រើន”។

លោក​បាន​បន្ត​ថា​ “នៅក្នុង​រយៈពេល​៤ឆ្នាំ​កន្លង​មក​នេះ ពន្ធគយ​បាន​ធ្វើ​ឱ្យ​តំបន់់អាស៊ាន​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​បរទេស​ដ៏ធំ​បំផុត​របស់​ចិន​ជំនួស​ឱ្យ​សហរដ្ឋអាមេរិក​”។

សហរដ្ឋអាមេរិកបានធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយនឹងលេសនៃការកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ខ្លួនជាមួយប្រទេសចិន។ ទោះជាយ៉ាងនេះក្តី កាសែត New York Times បានរាយការណ៍កាលពីខែកុម្ភៈថា ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកជាមួយប្រទេសចិនបានកើនឡើង៨,៣ភាគរយជារៀងរាល់ឆ្នាំរហូតដល់៣៨២,៩ពាន់លានដុល្លារក្នុងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here