ពលរដ្ឋកម្ពុជាប្រមាណ៦លាននាក់កំពុងជំពាក់ធនាគារនិងមីក្រូហិរញ្ញវត្ថុប្រមាណជិត៦០ពាន់លានដុល្លារ

 

ដោយ៖ លក្ខិណា​

ភ្នំពេញ ៖ គិតមកដល់ដើមឆ្នាំ ២០២៣នេះ ប្រជាពលរដ្ឋកម្ពុជាប្រមាណ៦លាននាក់ឬ៦លានគណនី បានទទួលឥណទានពី គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារដោយគិតជាទឹកប្រាក់សរុបប្រមាណជិត៦០ពាន់លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បើតាមលោកសុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានមានប្រសាសន៍ថា វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងផ្តល់ឥណទានជូនដល់ប្រជាជនកម្ពុជា ចំនួនប្រមាណជាង ២,១លាននាក់ ក្នុងទំហំឥណទានសរុប ៩,៣ ពាន់លានដុល្លារអាមេរិក។ ប្រាក់បញ្ញើសរុបរបស់អតិថិជនមានជាង៤,៧ពាន់លានដុល្លារអាមេរិក ដោយមានអតិថិជនដាក់ប្រាក់បញ្ញើជាង២,៧លាននាក់ ។ បន្ថែមលើនេះផងដែរ វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបាននិងកំពុងផ្ដល់ឱកាសដល់បុគ្គលិកប្រមាណជាង៣ម៉ឺននាក់នៅទូទាំងប្រទេសកម្ពុជា ។

លោកបន្តថា ពាក់ព័ន្ធជាមួយ ស្ថានភាពសេដ្ឋកិច្ចពិភពលោកនាពេលនេះ ក៏ដូចជាការដួលរលំនៃធនាគាររបស់អាមេរិក ហាក់មិនទាន់មានផលប៉ះពាល់អ្វីជាដុំកំភួនដល់វិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជានៅឡើយទេ ហើយការដំឡើងអត្រាការប្រាក់របស់ធនាគារនៅក្រៅប្រទេសក៏មិនទាន់មានបញ្ហាដល់វិស័យធនាគារនិងហិរញ្ញវត្ថុកម្ពុជានៅឡើយដែរ ។

លោកបន្ថែថា បច្ចុប្បន្ននេះ មីក្រូហិរញ្ញវត្ថុកម្ពុជា បាននិងកំពុងព្យាយាមប្រមូលទុនពីក្នុងស្រុកដើម្បីផ្ដល់ឥណទានទៅដល់អតិថិជន ដូចជាការដំឡើងអត្រាប្រាក់ដល់អ្នកដាក់ប្រាក់បញ្ញើក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដើម្បីលើកទឹកចិត្តដល់អតិថិជនទទួលបានប្រយោជន៍បន្ថែម ហើយគ្រឹះស្ថាននៅតែមានស្ថេរភាព ក្នុងការបន្តដំណើរការប្រតិបត្តិការរបស់ខ្លួនដដែល ។

ដោយឡែកបើតាមរបាយការណ៍របស់សមាគមធនាគារនៅកម្ពុជាវិញបានបង្ហាញផងដែរថា គិតត្រឹមដំណាច់ខែកុម្ភៈ ២០២៣នេះ ទំហំឥណទានដល់ធនាគារបានផ្ដល់ជូនអតិថិជនមានសរុបប្រមាណ៤៨ពាន់លានដុល្លារអាមេរិក និងមានអតិថិជនទទួលបានប្រាក់កម្ចីពីធនាគារ ចំនួនជាង៤លាននាក់ឬគណនី ។ សម្រាប់ប្រាក់បញ្ញើនៅក្នុងប្រព័ន្ធធនាគារក្នុងប្រទេសកម្ពុជាវិញក៏មានទឹកប្រាក់ចំនួនជាង៤០ពាន់លានដុល្លារអាមេរិកផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here