កម្ពុជានិងម៉ាឡេស៊ី ប្ដេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ជាពិសេសផ្នែកពាណិជ្ជកម្ម

ដោយៈ សុខុម

ភ្នំពេញ: នាយករដ្ឋមន្រ្តីកម្ពុជា និងម៉ាឡេស៊ី កាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា បានប្តេជ្ញាពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ថាមពល កសិកម្ម ការអប់រំ និងការងារ ព្រមទាំងវិស័យផ្សេងៗទៀតដើម្បីផលប្រយោជន៍ទៅវិញទៅមក។

ការប្តេជ្ញាចិត្តនេះធ្វើឡើង ក្នុងជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព អំឡុងដំណើរទស្សនកិច្ច របស់លោកនៅកម្ពុជារយៈពេលមួយថ្ងៃតាមការអញ្ជើញរបស់សម្ដេចតេជោ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោមានប្រសាសន៍ថា ទំហំពាណិជ្ជកម្មរវាងប្រទេសសមាជិកអាស៊ាន ទាំងពីរនេះបានឈានដល់៦២០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ ដោយកើនឡើង២៤% បើធៀបនឹង៥០០លានដុល្លារអាមេរិក ដែលសម្រេចបានក្នុងឆ្នាំ២០២១។

នៅក្នុងសន្និសីទសារព័ត៌មាន លោក អាន់វ៉ា អ៊ីប្រាហ៊ីម ថ្លែងថា បញ្ហាក្នុងតំបន់ និងអន្តរជាតិ ដូចជា ស្ថានភាពមីយ៉ាន់ម៉ា សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី និងឧបទ្វីបកូរ៉េ ព្រមទាំងបញ្ហាផ្សេងៗទៀតត្រូវបានលើកយកមកពិភាក្សា ដោយលោកបានធ្វើការកត់សម្គាល់ថា ប្រទេសទាំងពីរមាន “ទស្សនៈស្រដៀងគ្នា” លើបញ្ហាទាំងនេះ។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក៏បានថ្លែងអំណរគុណដល់កម្ពុជា ដែ​លបានជួយដល់ពលរដ្ឋម៉ាឡេស៊ី ចំនួន២៨៧នាក់ដែលរងគ្រោះក្នុងអំពើបោកប្រាស់ តាមរយៈការសន្យាផ្ដល់ការងារ នៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យាថា នឹងលើកទឹកចិត្តបណ្ដាក្រុមហ៊ុនម៉ាឡេស៊ី ឱ្យជួយទិញអង្ករ និងគ្រាប់ស្វាយចន្ទីពីកម្ពុជា។

នៅចុងបញ្ចប់នៃជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរបានធ្វើជាសក្ខីភាពក្នុងពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ចំនួន២ទាក់ទងនឹងការជ្រើសរើសពលករ ឱកាសការងារ និងការធ្វើមាតុភូមិនិវត្តន៍ពលករកម្ពុជា ក្នុងវិស័យបម្រើការងារតាមផ្ទះ និងក្នុងវិស័យផ្លូវការផងដែរ៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here