កំណើនវិស័យទេសចរណ៍ជំរុញឱ្យស្ថានភាពទីផ្សារអចលនទ្រព្យកោះភូកេតបន្តរីកចម្រើន

ដោយ: គង់ លាងហួរ
អន្តរជាតិ: ការកើនឡើងនៃទីផ្សារអចលនទ្រព្យកោះភូកេត ត្រូវបានគេរំពឹងថានឹងបន្តយ៉ាងហោចណាស់រយៈពេល២ឆ្នាំទៀត ដែលជំរុញដោយកំណើនដ៏រុឹងមាំនៃវិស័យទេសចរណ៍។

លោក Phathanan Phisutvimol ប្រធានសមាគមអចលនទ្រព្យខេត្តកោះភូកេត បានអះអាងថា “កត្តាជំរុញដ៏សំខាន់សម្រាប់ការស្ទុះងើបឡើងវិញនៃទីផ្សារអចលនទ្រព្យគឺអតិថិជនបរទេស ជាពិសេសជនជាតិរុស្ស៊ីដែលរត់គេចពីសង្គ្រាម និងជនជាតិអាល្លឺម៉ង់ដែលគេចចេញពីវិបត្តិថាមពល”។

លោកបានបន្តថា “វីឡាប្រណីតមានតម្រូវការខ្ពស់ ជាពិសេសផ្ទះវីឡាដែលនៅជិត Laguna ដែលមានប្រជាប្រិយភាពជាពិសេសក្នុងចំណោមប្រជាជនរុស្ស៊ី ចិន និងអឺរ៉ុប”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Phathanan បានបញ្ជាក់ថា អតិថិជនរុស្ស៊ីបានទិញគម្រោងវីឡាអាងហែលទឹកពាក់កណ្តាល ខណៈដែលក្រុមផ្សេងទៀតបានទិញវីឡាអាងហែលទឹកដើម្បីជួលដល់ជនរួមជាតិរបស់ពួកគេ។

យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ (REIC) បានឱ្យដឹងថា ចំនួនផ្ទះវីឡាទើបលក់ថ្មីនៅកោះភូកេតកាលពីឆ្នាំមុនបានកើនឡើងច្រើនជាង៤ដង ពោលគឺកើនពី៣៤យូនីតក្នុងឆ្នាំ២០២១រហូតដល់១៤៩យូនីតក្នុងឆ្នាំ២០២២។

នៅឆមាសទីពីរនៃឆ្នាំ២០២២ ផ្ទះវីឡាចំនួន១២៩ខ្នងត្រូវបានលក់អស់ បើធៀបនឹង១៣១ខ្នងសម្រាប់ឆ្នាំ២០១៩ទាំងមូល។ កោះភូកេតជាប់ចំណាត់ថ្នាក់ជាទីផ្សារធំទី៣របស់ប្រទេសថៃសម្រាប់ការផ្ទេរខុនដូទៅជនបរទេស បន្ទាប់ពីទីក្រុងបាងកក និងឈុនបុរី៕

LEAVE A REPLY

Please enter your comment!
Please enter your name here