ពលរដ្ឋខ្មែរ សម្រុកទៅដើរលេងកម្សាន្តនៅប្រទេសវៀតណាម ច្រើនគួរឱ្យ​កត់សម្គាល់ក្នុងឆ្នាំ២០២៣

សុខុម

ហូជីមិញ: ចាប់តាំងពីដើមឆ្នាំ២០២៣ ប្រទេសវៀតណាម បាននិងកំពុងទាក់ទាញភ្ញៀវទេសចរខ្មែរ បានយ៉ាងច្រើនសន្ធឹកសន្ធាប ក្រៅពីអ្នកដែលទៅដើម្បីពិនិត្យសុខភាព។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី២៦ ខែមីនា។

ច្រកទ្វារព្រំដែន Moc Bai នៃខេត្តតាយនិញ (Tay Ninh) បានស្វាគមន៍ភ្ញៀវទេសចរជិត២០០.០០០នាក់ក្នុងចំណោមពលរដ្ឋខ្មែរ សរុបចំនួន៣៩០.០០០នាក់ដែលធ្វើដំណើរចូលទៅក្នុងប្រទេសវៀតណាម។

លោក Truong Duc Hai នាយកក្រុមហ៊ុនទេសចរណ៍វៀតណាម Orient Pearl Travel Co., Ltd. បានលើកឡើងថា “ពលរដ្ឋខ្មែរ ធ្លាប់តែមកទីនេះ (ប្រទេសវៀតណា) សម្រាប់តែគោលបំណងព្យាបាលប៉ុណ្ណោះ ប៉ុន្តែថ្មីៗនេះមានការកើនឡើងនូវចំនួនពលរដ្ឋខ្មែរ ដែលមកទេសចរណ៍កម្សាន្ត។ ពួកគេចូលចិត្តមកលេងឆ្នេរសមុទ្រដូចជា Vung Tau និង Nha Trang ជាដើម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានលើកឡើងដែរថា វាជាការចាំបាច់ណាស់ដែលវិស័យទេសចរណ៍សុខាភិបាលរបស់វៀតណាម ត្រូវមានដំណើរទេសចរណ៍ប្រកបដោយវិជ្ជាជីវៈតាមរយៈការតភ្ជាប់ជាមួយមន្ទីរពេទ្យដ៏មានកិត្យានុភាពនានា។

លោក Pham Ngọc Ha អគ្គនាយករងក្រុមហ៊ុនទេសចរណ៍ Saco Travel និយាយថា ភ្ញៀវទេសចរកម្ពុជា ភាគច្រើនស្នាក់នៅក្នុងប្រទេសវៀតណាម រយៈពេលខ្លី ដូច្នេះភ្នាក់ងារទេសចរណ៍នានាកំពុងតែផ្តោតលើការកែលម្អគុណភាពសេវាកម្ម។

បណ្ដាភ្នាក់ងារទេសចរណ៍ក៏បាននិងកំពុងស្នើឱ្យបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា ជួយសម្រួលនីតិវិធីឆ្លងដែនផងដែរ ព្រោះពួកគេនៅតែប្រើពេលវេលាច្រើននៅឡើយ។

លោក Tran Quoc Tinh នាយកមជ្ឈមណ្ឌលផ្សព្វផ្សាយទេសចរណ៍ខេត្តតាយនិញ លើកឡើងថា ខេត្តនេះមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរណ៍ ដោយសារមានច្រកទ្វារព្រំដែនធំៗចំនួន៣ និងច្រកតូចៗចំនួន១០ដែលនៅជាប់ខេត្តចំនួន៣របស់កម្ពុជា។

ភ្ញៀវទេសចរពីកម្ពុជា សម្រុកទៅលេងខេត្តតាយនិញ ជារៀងរាល់ឆ្នាំ ជាពិសេសនៅថ្ងៃចុងសប្តាហ៍ និងរដូវបុណ្យទាន ដោយពួកគេទៅលេងវត្ត និងភ្នំ Nui Ba ច្រើនជាងគេ។ ភ្នំ Nui Ba ក៏បាននិងកំពុងទទួលបានការវិនិយោគដើម្បីបើកកម្មវិធីទេសចរណ៍បន្ថែមទៀត ដោយជំរុញទេសចរណ៍ក្នុងស្រុក។

យោងតាមមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តតាយនិញ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០២២ ខេត្តនេះបានរៀបចំកម្មវិធីមួយចំនួន ដើម្បីលើកស្ទួយវិស័យទេសចរណ៍រវាងប្រទេសវៀតណាម និងប្រទេសកម្ពុជា។

សហគ្រាសមកពីប្រទេសទាំងពីរក៏នឹងរួមដៃគ្នាជំរុញទេសចរណ៍ និងអភិវឌ្ឍផលិតផលទេសចរណ៍ផងដែរ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here