ជំទាវជា សិរីចូលរួមចែករំលែកចំណេះដឹងស្តីពីប្រាក់រៀល និងចំណេះដឹងហិរញ្ញវត្ថុ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថា បើកសិក្ខាសា​លា​ស្តីពីប្រាក់រៀល ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងប្រព័ន្ធបាគង នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ (សែនសុខ)។

កម្មវិធីនេះត្រូវបានធ្វើឡើង ក្នុងឱកាសអបអរសាទរខួបលើកទី៤៣ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ មីនា ១៩៨០ – ២០ មីនា ២០២៣) ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ គ្រឹះស្ថានឧត្តមសិក្សា និងនិស្សិត ព្រមទាំងមានការតាំងពិព័ណ៌ពីប្រវត្តិប្រាក់រៀល ប្រព័ន្ធទូទាត់បាគង និងស្តង់បង្ហាញពីចំណេះដឹងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវ ទេសាភិបាលរង បានជម្រាបជួនដោយសង្ខេបពីប្រវត្តិប្រាក់រៀល តាំងពីការដាក់ឱ្យដំណើរការជាលើកដំបូង ដល់ការលុបបំបាត់ចោលទាំងស្រុង ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត និងការបោះផ្សាយប្រាក់រៀលឡើងវិញ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ ព្រមទាំងថ្លែងសារគន្លឹះពីសារៈសំខាន់ នៃប្រាក់រៀលមកលើប្រសិទ្ធភាពនយោបាយរូបិយវត្ថុ និងការអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធឱ្យបន្តរួមចំណែកបង្កើនការប្រើប្រាស់ប្រាក់រៀល។

សិក្ខាសាលានេះ ក៏មានការចូលរួមធ្វើបទបង្ហាញ ពីអ្នកជំនាញផ្នែកសេដ្ឋកិច្ចពីសារៈសំខាន់ នៃការប្រើប្រាស់ប្រាក់រៀល និងដុល្លារូបនីយកម្មនៅកម្ពុជា ព្រមទាំងកិច្ចពិភាក្សាតុមូល លើវឌ្ឍនភាពបញ្ហាប្រឈម និងដំណោះស្រាយ ចំពោះការពង្រឹងការប្រើប្រាស់ប្រាក់រៀល។

អង្គពិធីបានបញ្ជាក់ពីការកើនឡើង ជាលំដាប់នៃទំហំប្រាក់រៀលក្នុងចរាចរណ៍ ស្របពេលអត្រាប្តូរប្រាក់រៀល រក្សាបានស្ថិរភាពយ៉ាងល្អប្រសើរ។ ទន្ទឹមនេះ បញ្ហាប្រឈមមួយចំនួនបន្តមាន ដែលទាមទារឱ្យមានការចូលរួមបន្ថែមទៀត ពីគ្រប់មជ្ឈដ្ឋានដើម្បីជំរុញការប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here