ខេត្តព្រៃវែងជាប់ចំណាត់ថ្នាក់លេខមួយ៣ឆ្នាំជាប់គ្នាលើការ ផលិតស្រូវ

 ដោយៈ លក្ខិណា

ភ្នំពេញៈ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីព្រឹកថ្ងៃទី២២ មីនា ២០២៣នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោកជា សុមេធី អភិបាលខេត្តព្រៃវែងបានមានប្រសាសន៍ថា ខេត្តព្រៃវែង ជាខេត្តជាប់លេខ១លើការផលិតស្រូវ ដើម្បីផ្គត់ផ្គង់ជីវភាពប្រជាពលរដ្ឋ និងនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស ដែលអាចផលិតស្រូវបានរហូតដល់ទៅប្រមាណ១លានតោនក្នុងមួយឆ្នាំៗ។

លោកបន្តថា “ខេត្តនេះមានផ្ទៃដីដាំដុះស្រូវសរុបចំនួន ៣៣៧ពាន់ហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវវស្សាចំនួន២៥ម៉ឺនហិកតា និងផ្ទៃដីដាំដុះស្រូវប្រាំងចំនួន៧៥ពាន់ហិកតា”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តទៀតថា វិស័យកសិកម្មនៅក្នុងខេត្តមួយនេះ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ក្នុងនោះការងារផលិតកម្មដំណាំស្រូវ ខេត្តផលិតបានបរិមាណផលស្រូវសរុបចំនួនជាង៧លានតោន ជាមធ្យមជាង១លានតោនក្នុងមួយឆ្នាំ បរិមាណស្រូវ ដែលនៅសល់ពីការប្រើប្រាស់ ក្នុងខេត្តសរុបចំនួនជាង៥លានតោន សម្រាប់នាំចេញក្នុងនិងក្រៅប្រទេស គិតជាថវិកាប្រមា​ណ១,២៥០លានដុល្លា។

លើសពីនេះទៅទៀតខេត្តព្រៃវែង ក៏ជាមាត់ច្រកសម្រាប់នាំចេញស្រូវ និង ផ្លែស្វាយ ទៅប្រទេសជិតខាងកម្ពុជា ក្នុងនោះ បាននាំចេញស្រូវសរុបចំនួន១.២២១.៩៨៨តោន ទទួលបានចំណូលសរុប៣១១លានដុល្លារ និងបាននាំចេញផ្លែស្វាយ សរុបចំនួន៩៣.៣០០តោន ទទួលបានចំណូលសរុប១៩,៥៩លានដុល្លារ។

លោកបន្ថែមថា ក្រៅពីការងារផលិតស្រូវ ខេត្តក៏មានកាងារផលិតដំណាំរួមផ្សំ និង ចិញ្ចឹមសត្វជាច្រើនទៀត ដោយបានបង្កើតឲ្យមានសហគមន៍ផលិតបន្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងខេត្ត ក្រៅខេត្ត និង រាជធានីភ្នំពេញ ដែលផលិតបន្លែបានសម្រាប់លក់ ទៅកាន់ទីផ្សារប្រមាណជាង៣ម៉ឺនតោន គិតជាមធ្យម១៥ទៅ២០តោនក្នុង១ថ្ងៃ និងមានការចិញ្ចឹមគោ-ក្របី ជ្រូក មាន់ ទារាប់សិបម៉ឺនក្បាល។

អ្វីដែលលេចធ្លោគួរឱ្យចាប់អារម្មណ៍នោះ គឺការចិញ្ចឹមសត្វទាយ​កស៊ុតមានបរមាណជាង១៥លានក្បាល ដែលអាចផលិតស៊ុតទាបានប្រមាណជិត១លានគ្រាប់ក្នុង១ថ្ងៃ សម្រាប់ផ្គត់ផ្គង់ក្នុងខេត្ត រាជធានីភ្នំពេញ និងតាមរណ្ដាខេត្តមួយចំនួនទៀត ។

តាមការរំពឹងទុក ខេត្តព្រៃវែងក៏នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតនៅពេលខាងមុខផងដែរ ដោ​យគម្រោងនេះ នឹងត្រូវរត់កាត់ខេត្តព្រៃវែង ហើយអ្នកជំនាញនៃវិស័យអចលនទ្រព្យរំពឹងថា ពេលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតសាងសង់រួចអ្នកវិនិយោគអចលនទ្រព្យ នឹងចូលទៅកាន់ខេត្តព្រៃវែងស្វែងរកការវិនិយោគបន្ថែមទៀត ។

ភ្នាក់ងារអចលនវត្ថុមួយរូបប្រចាំខេត្តព្រៃវែង លោកម៉ៅ មុន្នីរតនា បានលើកឡើងថា កាលពីមុន តម្លៃដីធ្លីនៅខេត្តព្រៃវែងមានកម្រិតទាប នៅលើយតែក្រោយមកក៏ហក់ឡើងខ្ពស់ ជាពិសេសនៅតាមតំបន់នៃច្រកព្រំដែនកម្ពុជាវៀតណាម និងមានការចាប់អារម្មណ៍វិនិយោគពីសំណាក់វិនិយោគិនជាតិជាច្រើន ប៉ុន្តែដោយសារតែស្ថានភាពនៃវិបត្តិ ទើបធ្វើឱ្យការវិនិយោគ នៅក្នុងខេត្តព្រៃវែងបានស្ងប់ស្ងាត់បន្តិច នឹងរំពឹងថានឹងល្អប្រសើរវិញនៅពេលចប់វិបត្តិ និងជាពិសេសនៅពេលគម្រោងផ្លូវល្បឿនលឿនភ្នំពេញ បាវិតចាប់ផ្ដើមបើកការដ្ឋាន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here