កម្ពុជា-កូរ៉េ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីផែនការអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជា

ដោយ:ពៅនិមល/ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីផែនការអនុវត្តគម្រោងលើកកម្ពស់សមត្ថភាពវិទ្យាស្ថានសម្រាប់ការបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។ គម្រោងនេះ
មានថវិកាប្រមាណជាង ២លានដុល្លារអម៉រិក សម្រាប់បំពាក់ និងធ្វើការរៀបចំទៅជាវិទ្យាស្ថានដ៏ល្អមួយ ហើយភាគីកូរ៉េ ក៏បានឲ្យមន្ត្រីកម្ពុជាទៅបន្តការសិក្សារយៈពេល២ឆ្នាំនៅប្រទេសកូរ៉េ ដើម្បីពួកគេត្រឡប់មកជួយការងារនៅកម្ពុជាវិញ ក្នុងវិស័យការងារ និងបណ្ដុះបណ្ដាល។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅ រវាងលោកវេជ្ជបណ្ឌិត ហ៊ុយ ហានសុង រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក LEE Jaewang ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ កាលពីរសៀលថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការងារ។
តាមលោក ឡេង តុង ទីប្រឹក្សាអមក្រសួង និងជាប្រធាននាយកដ្ឋានពេទ្យការងារ បានឱ្យដឹងនៅក្រោយពិធីចុះហត្ថលេខានេះថា នេះជាការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងជំនួយអភិវឌ្ឍផ្លូវការរបស់រាជរដ្ឋាភិបាលកូរ៉េ សម្រាប់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងការរៀបចំច្បាប់ស្ដីពីសុវត្ថិភាព និងសុខភាពការងារ។ មួយវិញទៀតជួយដល់វិទ្យាស្ថានជាតិសុវត្ថិភាព និងសុខភាពការងារផងដែរ។ ដែលគម្រោងខាងលើនេះ មានរយៈពេល ៣ឆ្នាំ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ខាងមុខ។ លោកបន្តថា ស្របពេលដែលកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ជាពិសេសវិស័យការងារកំពុងមានកំណើនគួរឲ្យកត់សម្គាល់នោះ ឱកាសនៃគ្រោះថ្នាក់នៅកន្លែងធ្វើការក៏អាចនឹងមានខ្ពស់ ដែលចាំបាច់ត្រូវមានវិធានការក្នុងការបង្ការ ហើយវិធានការទាំងនេះ ផ្ដោតលើគោលនយោបាយ បទដ្ឋានគតិយុត្តិ ដែលត្រូវរៀបចំឲ្យមានច្បាប់ស្ដីពីសុវត្ថិភាពនិងសុខភាពការងារ ដើម្បីការពារកម្មករនិយោជិករបស់យើង។ កន្លងមក មានច្បាប់ស្ដីពីការងារ ហើយផ្នែកសុវត្ថិភាពការងារ គឺជាផ្នែកមួយក្នុងច្បាប់ការងារនេះ ដែលបច្ចុប្បន្នកំពុងតែរៀបចំឲ្យមានច្បាប់គោលមួយដាច់ដោយឡែក អំពីសុខភាពនិងសុវត្ថិភាពការងារនេះ។


លោកប្រធាននាយកដ្ឋានពេទ្យការងារ បានលើកឡើងថា កន្លងមកយើងបានបណ្ដុះបណ្ដាលរយៈពេលខ្លីដល់មន្ត្រីរបស់យើងឲ្យទៅជាគ្រូពេទ្យ នៅតាមរោងចក្រសហគ្រាស ជួយដល់ការរួមចំណែក លើការការពារសុវត្ថិភាព។ ក្រៅពីនេះ ភាគីកូរ៉េក៏បានអញ្ជើញមន្ត្រីទៅរៀននៅប្រទេសកូរ៉េ ហើយក៏បានបញ្ជូនមន្ត្រីរបស់គេ មកបង្រៀនដល់កម្ពុជា សម្រាប់ការបណ្ដុះបណ្ដាលនេះ គិតមកដល់ពេលនេះ មានមន្ត្រីថ្នាក់អនុបណ្ឌិតចំនួន ៦នាក់ បានទៅរៀននៅកូរ៉េ និងមានជិត ១០០នាក់ទៀត ទទួលបានការបណ្ដុះបណ្ដាលរយៈពេលខ្លីនៅក្នុងប្រទេស។
នាឱកាសនោះ លោក ហ៊ុយ ហានសុង រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហាញនូវការពេញចិត្ត ចំពោះការផ្ដល់នូវជំនួយផ្នែកសុវត្ថិភាព និងសុខភាពការងាររបស់ប្រទេសកូរ៉េមកដល់កម្ពុជា។ លោកចាត់ទុកថា នេះគឺជាការជ្រោមជ្រែងដ៏សំខាន់មួយក្នុងការទប់ស្កាត់អត្រាគ្រោះថ្នាក់នៅកន្លែងធ្វើការ ក៏ដូចជាផ្ដល់នូវចំណេះជំនាញដល់កម្មករឲ្យមានការការពារទុកជាមុន ក្នុងពេលបំពេញការងារនៅតាមរោងចក្រសហគ្រាសផងដែរ។ លោកបានបន្តថា ប្រទេសកូរ៉េ គឺជាប្រទេសដែលជួយកម្ពុជាលើការអភិវឌ្ឍផ្នែកសុវត្ថិភាព និងសុខភាពការងារច្រើនជាងគេ ទាំងធនធានមនុស្ស និងបច្ចេកទេស។
លោករដ្ឋលេខាធិការ ក៏បានស្នើឱ្យមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ នៃទីភ្នាក់ងារសុវត្ថិភាព និងសុខភាពការងារកូរ៉េ បន្តជួយបណ្ដុះបណ្ដាលមន្ត្រីជំនាញបន្ថែមទៀត ដើម្បីឲ្យការងារសុវត្ថិភាពនិងសុខភាពការងារកាន់តែមានភាពល្អប្រសើរឡើងមួយកម្រិតទៀត៕
ចំណងជើងរូបភាព៖ រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងអំពីផែនការអនុវត្តគម្រោងលើកកម្ពស់សុវត្ថិភាពនិងសុខភាពការងារនៅកម្ពុជាក្នុងទំហំទឹកប្រាក់ជាង ២លានដុល្លារអាម៉េរិក
រូបភាព៖ ពៅនិមល

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here