តម្លៃ​ផ្ទះ​នៅ​ប្រទេសកូរ៉េ​ខាង​ត្បូង​បាន​ដាំក្បាលចុះជាថ្មីក្នុង​ខែ​កុម្ភៈ ប៉ុន្តែ​នៅក្នុងល្បឿន​មធ្យម ក្រោយរដ្ឋាភិបាលបានដាក់ចេញវិធានការជាច្រើន

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យបានបង្ហាញឱ្យដឹងកាលពីថ្ងៃពុធម្សិលមិញនេះថា តម្លៃផ្ទះរបស់ប្រទេសកូរ៉េខាងត្បូងបានធ្លាក់ចុះអស់រយៈពេល៩ខែជាប់ៗគ្នានៅក្នុងខែកុម្ភៈ ប៉ុន្តែល្បឿននៃការធ្លាក់ចុះនេះបានបន្ថយចុះក្នុងរយៈពេលមួយខែទីពីរ បន្ទាប់ពីមានវិធានការរបស់រដ្ឋាភិបាលជាបន្តបន្ទាប់ក្នុងគោលបំណងបញ្ចៀសការដាំក្បាលចុះខ្លាំងភ្លាមៗ។

ទិន្នន័យរបស់ក្រុមប្រឹក្សាភិបាលអចលនទ្រព្យកូរ៉េបានបង្ហាញថា តម្លៃផ្ទះនៅទូទាំងប្រទេសកូរ៉េបានធ្លាក់ចុះ១,១៥ភាគរយនៅក្នុងខែកុម្ភៈ បន្ទាប់ពីធ្លាក់ចុះ១,៤៩ភាគរយនៅក្នុងខែមករា ឆ្នាំ២០២៣ និង១,៩៨ភាគរយនៅក្នុងខែធ្នូ ឆ្នាំ២០២២។

យោងតាមការចុះផ្សាយដោយសារពត៌មាន Reuters បានឱ្យដឹងថា អត្រាប្រចាំខែធ្នូនោះគឺជាការធ្លាក់ចុះយ៉ាងលឿនបំផុត បើគិតចាប់តាំងពីមានការចេញផ្សាយទិន្នន័យ ដែលបានចាប់ផ្តើមឡើងកាលពីដំណាច់ឆ្នាំ២០០៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីដើមឆ្នាំ២០២៣នេះ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមដាក់ចេញនូវវិធានការគោលនយោបាយជាច្រើន ដើម្បីគាំទ្រដល់តម្លៃអចលនទ្រព្យ ដែលធ្លាក់ចុះយ៉ាងខ្លាំង រួមទាំងការបន្ធូរបន្ថយបទប្បញ្ញត្តិហិរញ្ញវត្ថុលើអ្នកទិញផ្ទះនៅក្នុងស្រុកភាគច្រើននៅរដ្ឋធានីសេអ៊ូល។

ទីផ្សារអចលនទ្រព្យរបស់ប្រទេសកូរ៉េខាងត្បូងបានទទួលរងនូវការធ្លាក់ថ្លៃខ្លាំងបំផុតនៅក្នុងរយៈពេលយ៉ាងហោចណាស់២ទសវត្សរ៍ និងចំពេលមានការដំឡើងអត្រាការប្រាក់ដ៏ខ្លាំងក្លាបំផុតរបស់ធនាគារកណ្តាលកូរ៉េដើម្បីទប់ទល់នឹងអត្រាអតិផរណា។

ធនាគារកណ្តាលកូរ៉េបានដំឡើងអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនដោយពិន្ទុមូលដ្ឋានសរុបចំនួន២៧៥ ដល់កម្រិតខ្ពស់៣,២៥ភាគរយចាប់តាំងពីខែសីហា ឆ្នាំ២០២១ នៅក្នុងកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ទល់នឹងអត្រាអតិផរណាដែលកំពុងហក់ឡើង។

នៅក្នុងឆ្នាំ២០២២ វិស័យអចលនទ្រព្យនៅក្នុងប្រទេសកូរ៉េខាងត្បូងបានបង្កើតផលិតផលក្នុងស្រុកសរុបពិតប្រាកដ (GDP) ប្រហែល១៣៩,៥ពាន់ពាន់លានវ៉ុន ហើយអចលនទ្រព្យក៏ត្រូវបានចាត់ទុកថាជាទ្រព្យសកម្មវិនិយោគដ៏សំខាន់បំផុតមួយរបស់ពលរដ្ឋកូរ៉េខាងត្បូងផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here