TikTok របស់ចិនមានអ្នកប្រើប្រាស់ប្រចាំខែកើនឡើងរហូតដល់១៥០នាក់នៅអាមេរិក ទោះប្រឈមនឹងបម្រាម

ដោយៈ សុខុម

វ៉ាស៊ីនតោន: ក្រុមហ៊ុន TikTok និយាយកាលពីថ្ងៃច័ន្ទ ទី២១ ខែមីនាកន្លងមកថា ពេលនេះកម្មវិធី (App) ចែករំលែកវីដេអូខ្លីៗដ៏ពេញនិយមមួយនេះ មានអ្នកប្រើប្រាស់ប្រចាំខែ រហូតដល់ទៅ១៥០លាននាក់នៅសហរដ្ឋអាមេរិក។

ចំនួននេះបានកើនឡើងយ៉ាងខ្ពស់ ធៀបនឹងឆ្នាំ២០២០ ដែលនៅអាមេរិកមានចំនួនអ្នកប្រើប្រាស់ ត្រឹម១០០លាននាក់ប៉ុណ្ណោះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនចិនមួយនេះ បានបញ្ជាក់ពីតួលេខដ៏ច្រើនសន្ធឹកសន្ធាប់នេះ នៅមុនពេលលោក Shou Zi Chew ដែលជានាយកប្រតិបត្តិក្រុមហ៊ុននេះ ត្រូវឡើងផ្ដល់សក្ខីកម្មថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា នៅចំពោះមុខគណៈកម្មាធិការថាមពល និងពាណិជ្ជកម្មនៃសភាអាមេរិក។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២១ ខែមីនា។

កាលពីថ្ងៃសុក្រ សប្ដាហ៍មុន សមាជិកព្រឹទ្ធសភាអាមេរិក៦រូបបន្ថែមទៀតបានគាំទ្រច្បាប់ទ្វេបក្ស ដើម្បីផ្ដល់អំណាចថ្មីដល់ប្រធា​នាធិបតី ចូ បៃឌិន សម្រាប់ការដាក់បម្រាមលើTikTok ដោយផ្អែកលើហេតុផលសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

កាលពីសប្តាហ៍មុន ក្រុមហ៊ុន TikTok និយាយថា រដ្ឋការរបស់លោក ចូ បៃឌិន បានទាមទារឱ្យម្ចាស់ក្រុមហ៊ុនចិន មួយនេះលក់ភាគហ៊ុនរបស់ខ្លួនរបស់ខ្លួននៅក្នុងក្រុមហ៊ុននេះ ពុំនោះសោតក្រុមហ៊ុន TikTok អាចប្រឈមនឹងបម្រាមនៅក្នុងសហរដ្ឋអាមេរិក។

TikTok ប្រឈមនឹងសម្ពាធកាន់តែខ្លាំងឡើង នៅក្នុងទីក្រុងវ៉ាស៊ីនតោន រួមទាំងការអំពាវនាវឱ្យដាក់បម្រាម លើវាពីសំណាក់សមាជិកសភាអាមេរិក ជាច្រើនដែលព្រួយបារម្ភ ខ្លាចទិន្នន័យអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ធ្លាក់ចូលក្នុងដៃរបស់រដ្ឋាភិបាលចិនផងដែរ។

TikTok បានអះអាងកាលខែកញ្ញា ឆ្នាំ២០២១ ថា នៅទូទាំងពិភពលោក មានអ្នកប្រើប្រាស់App នេះប្រចាំខែជាង១ពាន់លាននាក់៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here