ដំណឹងល្អៈ អំបិលផលិតនៅកែប កំពតនឹងចុះបញ្ជីរសម្គាល់ផលិតផលសម្គាល់ភូមិសាស្រ្ត

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកអ៊ុក ប្រជាបានឲ្យដឹងថា ក្រសួងពាណិជ្ជកម្មនឹងចុះបញ្ជី ម៉ាកសំគាល់ភូមិសាស្ត្រទំនិញ អំបិលកំពត-កែប ក្នុងពេលឆាប់ៗខាងមុខ បន្ទាប់ពីសមាគម និងសៀវភៅបន្ទុកម៉ាក សម្គាល់ភូមិសាស្ត្រទំនិញអំបិលកំពត -កែប ត្រូវបានអនុម័ត និងចុះបញ្ជីអនុញ្ញាត នៅក្រសួងមហាផ្ទៃរួចរាល់។

ការលើកឡើងរបស់លោក អ៊ុក ប្រជា ធ្វើឡើងក្នុងអង្គមហាសន្និបាតកំណើតដំបូង នៃសមាគអ្នកផលិតម៉ាក សម្គាល់ភូមិសាស្ត្រទំនិ​ញអំបិលកំពត-កែប រៀបចំឡើងនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក អ៊ុក ប្រជា បានបន្តថា សន្និបាតរបស់សមាគមអ្នកផលិតម៉ាកសំគាល់ភូមិសាស្ត្រទំនិញអំបិល ធ្វើឡើងដើម្បីរៀបចំក្រុមប្រឹក្សា ប្រធានប្រតិបត្តិ អនុប្រធាន និងសវនកររបស់សមាគម ឈានទៅចុះបញ្ជីទទួលស្គាល់ នៅក្រសួងមហាផ្ទៃ បន្ទាប់ពីបានជួបជាមួយក្រុមអ្នកផលិតអំបិលជាច្រើនលើក បន្ទាប់ពីសន្និបាតនេះសមាគមនឹងរៀប​ចំរចនាសម្ព័ន្ធដឹកនាំ។

ចំពោះសៀវភៅបន្ទុក ក៏បានអនុម័តពីក្រុមអ្នកផលិតអំបិល អាជីវករ ផលិតករ រួចរាល់ផងដែរ។

លោកអ៊ុក ប្រជាបានបន្ដថា បន្ទាប់សម្របសម្រួលរួចរាល់ សមា​គមត្រូវបានអនុញ្ញាតឲ្យចុះបញ្ជី នៅក្រសួងមាហាផ្ទៃរួចរាល់ ក្រសួងនឹងបន្ដរៀបចំកិច្ចការងារពាក់ព័ន្ធផ្សេងៗទៀត ដើម្បីចុះបញ្ជីសំគាល់ភូមិសាស្ត្រទំនិញអំបិលកំពត-កែប ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា លើកឡើងថា គោលបំណងនៃការបង្កើតសមាគម អ្នកផលិតម៉ាកសំគាល់ភូមិសាស្ត្រ ទំនិញអំបិលកំពត-កែប គឺដើម្បីការពារ និងផ្សព្វផ្សាយទេពកោសល្យផលិតករ និងកិត្តិនាមដ៏ល្បីល្បាញ នៃគុណភាពអំបិលកំពត-កែប សម្រាប់ជាប្រយោជន៍ដល់ផលិតករ ឬអ្នកកែច្នៃ ប្រតិបត្តិករ និងអ្នកបរិភោគ។

លោកបានបន្ដថា យើងរំពឹងថាការចុះបញ្ជី សំគាល់ភូមិសាស្ត្រទំនិញ នឹងជួយឲ្យអំបិលមានទីផ្សារនាំចេញ លក់បានថ្លៃជាងមុន អំបិ​លកំពតទទួលបានភាពល្បីល្បាញ និងបង្ហាញឲ្យអន្តរជាតិស្គាល់ពីសក្ដានុពលខេត្តកំពត និងប្រវត្តិសាស្ត្ររបស់ប្រជាពលរដ្ឋកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here