ក្រុមហ៊ុនជប៉ុនបង្ហាញបំណងវិនិយោគកែច្នៃអេតាណុលចេញ ពីដំឡូងមី

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd លោក KOJIMA Masanobu បានបង្ហាញបំណងចង់វិនិយោគបង្កើត​រោងចក្រអេតាណុលចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប ដើម្បីជួយកាត់​បន្ថយឧស្ម័នកាបូនិច ដល់បរិស្ថាននៅកម្ពុជា។

លោកឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានសម្តែងការស្វា​គមន៍ និងគាំទ្រចំពោះក្រុមហ៊ុន ដែលចង់វិនិយោគ​លើការបង្កើត​រោងចក្រ​អេតាណុល( Ethanol) នៅកម្ពុជានេះ ដោយលោកមើលឃើញថា ជាការចូលរួមចំណែក​ដ៏សំខាន់មួយ ក្នុងការកាត់បន្ថយឧស្ម័នកាបូនិច ជួយដល់បរិស្ថាន និងលើកកម្ពស់ជីវភាពប្រជាជន។

នៅក្នុងជំនួបពិភាក្សាការងារ ជាមួយប្រធានក្រុមហ៊ុន​ KOJIMAHOLDINGS Co.,Ltd កាលពីថ្ងៃទី ១៧ មីនា លោករដ្ឋមន្រ្តី ឌិត ទីណា ចង់ឱ្យគម្រោងនេះ លេចចេញជារូបរាងឡើង ដោយក្រសួង នឹងជួយសម្រួល​ឱ្យមានការចាប់​ដៃសហការ ក៏ដូចជា រកដៃគូវិនិយោគនានា ពោលគឺទាំងទិដ្ឋភាពផ្លូវច្បាប់ បច្ចេកទេស និងនយោ​បាយ ព្រមទាំងជួយ​ជំរុញឱ្យមានការចូលរួមពីកសិករ អ្នកផលិតដើម្បីផ្គត់ផ្គង់ ឱ្យស្របទៅតាមតម្រូវការរបស់ជប៉ុនផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោក ឌិត ទីណា បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាឱ្យបានច្បាស់លាស់ ពីខ្សែច្រវាក់​តម្លៃដំឡូងមី​នៅកម្ពុជា រួមទាំងថ្លៃដើម ទីតាំងរោងចក្រ និងការដឹកជញ្ជូនជាដើម ដើម្បីមើលឱ្យឃើញពីភាពជោគជ័យ និងមាន​និរន្តរភាព។

លោករដ្ឋមន្រ្តីឌិត ទីណា បានជម្រុញក្រុមហ៊ុនធ្វើការដឹកជញ្ជូនផ្លូវទឹក គឺជាជម្រើសដ៏ល្អបំផុត និងជួយកាត់បន្ថយថ្លៃដើម​បានច្រើន។ បន្ថែមលើនេះ ចំណុចសំខាន់ក្នុងការសហការ ធ្វើការងារជាមួយគ្នា ក្រុមហ៊ុនត្រូវគិតគូរ ក្នុង​ការអនុវត្ត​កសិកម្មតាម​កិច្ចសន្យា (Contract Farming) ដើម្បីធានានូវទំនុកចិត្ត ការផលិត ការផ្គត់ផ្គង់ និងតម្លៃ។

គិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ ២០២៣ កម្ពុជាបាននាំចេញដំឡូងមីស្រស់ចំនួន១៤៨.៣១០​តោន ទៅប្រទេសវៀតណាម និងថៃ កាកសំណល់ដំឡូងមី៣៤.៦៦៤តោន និងចំណិតដំឡូងមីក្រៀមចំនួន ៧៧៨.៥២៨​តោន នាំចេញទៅវៀតណាម ថៃ និងចិន និងម្សៅដំឡូងមី ១៣.៤៦៧,៣០តោន នាំចេញទៅប្រទេសចិន ជប៉ុន និងឥណ្ឌា៕

LEAVE A REPLY

Please enter your comment!
Please enter your name here