ឧត្តរមានជ័យទឹកដីសក្តានុពលវិស័យកសិកម្មជាមួយទំហំនាំចេញប្រចាំឆ្នាំជាង២លានតោន

 ដោយៈ គង់  ម៉ាលីនណា

ភ្នំពេញៈ ឧត្តរមានជ័យ ជាខេត្តមានអំណោយផលលើវិស័យកសិ​កម្ម ដែលក្នុងមួយឆ្នាំៗ ខេត្តនេះផលិតដំណាំកសិឧស្សាហកម្ម ដែលមានសក្តានុពល សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញបានប្រ​មា​ណ២លានតោន។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក​ របស់រដ្ឋបាលខេត្តឧត្តរមានជ័យ” ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល​ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ លោកប៉ែន កុសលអភិបាលខេត្តឧត្តរមានជ័យបានឱ្យដឹងថា ​ការងារដីដាំដុះដំណាំស្រូវ ​សម្រេចបានលើផ្ទៃដីចំនួន ៩៥ ០០០ហិកតា ទទួលបានបរិមាណផល ២៦២ ៦៩០តោន ដោយមានអត្រាកំណើនជាមធ្យម ៨.១២%ក្នុងមួយឆ្នាំ ក្នុងនោះមានអតិរេកស្រូវ ១៦៩ ៣៨០តោនក្នុងឆ្នាំ២០២២កន្លងមក ដែលមានអត្រាកំណើនជាមធ្យមនៃអតិរេកស្រូវមានចំនួន ១១.៣៤%ក្នុងមួយឆ្នាំ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ក្រៅពីស្រូវជាដំណាំយុទ្ធសាស្រ្ត ដំណាំកសិ-ឧស្សា​ហកម្មផ្សេងទៀត ក៏មានការកើនឡើងជាលំដាប់គួរឱ្យកត់សម្គាល់ផងដែរ ក្នុងនោះដំណាំដំឡូងមីសម្រេចបានលើផ្ទៃដី៧០ ៨៦០ហិកតា កើនឡើងប្រមាណ២១.០៦% ដោយទទួលបានបរិ​មាណផលសរុបចំនួន១,៤៣៣,៥២២តោន, ដំណាំស្វាយចន្ទីសម្រេចបានលើផ្ទៃដី១៨,៣៨២ហិកតា កើនឡើងប្រមាណ១០៥.៤០% ដោយទទួលបាន បរិមាណផលសរុប១៤, ៦០០តោន កើនឡើង២២.៥៩% ក្នុងមួយឆ្នាំ។

ដំណាំស្វាយកែវរមៀតសម្រេចបានលើផ្ទៃដី ១៣ ៥១៥ហិកតា កើនឡើងប្រមាណ៧៤.២៩% ដោយទទួលបានបរិមាណផលសរុប ២៨៣,២៥០តោន មានអត្រាកំណើនជាមធ្យម២៨.៤០% ក្នុងមួយឆ្នាំ ដំណាំកៅស៊ូសម្រេចបាន លើផ្ទៃដី១៥,១៥៣ហិកតា ដោយទទួ លបានបរិមាណផលសរុប៨,៧៥០តោន មានអត្រាកំណើនជាមធ្យម ៣៦.៣៨%ក្នុងមួយឆ្នាំ។

លោកប៉ែន កុសល្យ បានគូសបញ្ជាក់ថា ការលើកកម្ពស់ក្នុងវិស័យកសិកម្មនេះ យើងបានរៀបចំចងក្រងជាបណ្តុំ អាជីវកម្មដំណាំនានា ដូចជាបណ្តុំដំឡូងមី ត្រសក់ផ្អែម ឪឡឹកលឿង ស្វាយកែវរមៀត បន្លែ និងស្រូវជាដើម ដែលបច្ចុប្បន្នកំពុងឈានមុខក្នុងការដាំដុះ និងផ្គត់ផ្អង់លើផលិតផលឪឡឹកលឿង ឪឡឹកទឹកក្រូច និងត្រសក់ផ្អែម (មីឡុង) រួមនឹងចេកអំបូងលឿង ដែលបានដាំដុះលើផ្ទៃដីសរុបប្រមាណ ៨០៤៦ហិកតាក្នុងទូទាំងខេត្ត និងកំពុងប្រមូលផលជាបន្តបន្ទាប់ សម្រាប់ផ្គត់ផ្គតទីផ្សារក្នុងស្រុក ក៏ដូចជានាំចេញទៅក្រៅប្រទេស។

លោកបន្តថា យើងក៏បានរៀបចំ និងចងក្រងផលិតកម្មតាមកិច្ចសន្យា ជាមួយក្រុមហ៊ុន និងឈ្មួញប្រមូលទិញក្នុងខេត្ត-ក្រៅខេត្ត ដើ​ម្បីចុះកិច្ចសន្យាផ្ទាល់ ក្នុងការប្រមូលទិញផលិតផលកសិកម្ម ក្នុងតម្លៃមួយសមរម្យ ដោយមានការឯកភាពគ្នារវាងអ្នកផលិត និងអ្នកប្រមូលទិញ


លោកកត់សម្គាល់ថា បច្ចុប្បន្ននេះ តម្លៃកសិផលបានកើនឡើង ជាពិសេសដំឡូងមី និងស្វាយ ដែលបានធ្វើឱ្យជីវភាពកសិករ កាន់តែល្អប្រសើរ។

លោកប៉ែន កុសល្យបានថ្លែងបន្តថា ជាយន្តការគាំទ្រលើវិស័យកសិកម្មនេះ ប្រព័ន្ធធារាសាស្ត្រ គឺជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការគាំទ្រវិស័យកសិកម្ម។ ​បច្ចុប្បន្ននេះ ខេត្តឧត្ដរមានជ័យ ទទួលបានប្រព័ន្ធធារាសាស្ត្រធំៗចំនួន២ គឺទំនប់ស្ទឹងស្រែងមួយ និងស្ទឹងស្រែងពីរ ដែលអាចស្តុកទឹក បានប្រមាណជាង២១១លានម៉ែត្រគូប និងមានវិសាលភាពអាចគ្របដណ្ដប់ បានចំនួន២ខេត្តផ្សេងទៀត គឺខេត្តសៀ​ម​រាប និងខេត្តបន្ទាយមានជ័យ ហើយក្រៅពីប្រព័ន្ធធារាសាស្ត្រធំៗទាំងពីរ យើងក៏មានអាងស្តុកទឹក និងទំនប់ស្ទាក់ទឹកជាច្រើនត្រូវបានសាងសង់រាយប៉ាយ តាមបណ្ដាភូមិ ឃុំ ក្រុង ស្រុកនានានៅក្នុងខេត្តផងដែរ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here