ដោយៈ ម៉ាណា
ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានស្នើថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ដែលមានមូលដ្ឋានផលិតកម្មនៅប្រទេសចិន និងកម្ពុជា បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មី ដើម្បីរួមចំណែកទាក់ទាញអ្នកធុរកិច្ចជប៉ុនមកវិនិយោគនៅកម្ពុជា។
លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងបែបនេះ នៅពេលបានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Yazaki ដែលមានមូលដ្ឋានផលិតកម្មនៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក Yoshimoto Ito អគ្គនាយករងក្រុមហ៊ុន និងដោយមានការចូលរួមពីតំណាងក្រុមហ៊ុន Guangdong Dongfang Investment Co., Ltd. ដែលជាក្រុមហ៊ុនដៃគូវិនិយោគនៅប្រទេសចិន។
ក្រុមហ៊ុន Yazaki បានបណ្តាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតគ្រឿងបង្គុំខ្សែភ្លើងនៅកម្ពុជា ក្នុងតំបន់សេដ្ឋកិច្ចនាងកុក កោះកុង ប្រមាណ១០ឆ្នាំ និងបានមានវត្តមាននៅខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិតប្រមាន៤០ឆ្នាំមកហើយ។
លោកអគ្គលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុនដែលបានវិនិយោគ និងទទួលបានជោគជ័យនៅកម្ពុជាក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ហើយពេលនេះ ក្រុមហ៊ុនបានមានបំណងពង្រីកការវិនិយោគបន្ថែមទៀត។
ក្នុងន័យនេះ លោកជា វុទ្ឋី ក៏បានផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនជ្រើសរើសទីតាំង សម្រាប់ការពង្រីកការវិនិយោគ និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនគិតគូរ ក្នុងការវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដើម្បីជួយទាក់ទាញវិនិយោគិនជប៉ុន ឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត។
ជាការឆ្លើយតប លោក Yoshimoto Ito ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់លោកអគ្គលេខាធិការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុន និងបានសម្តែងនូវសេចក្តីរីករាយ ដែលឯកឧត្តមអគ្គលេខាធិការបានគាំទ្រគម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន៕