សិង្ហបុរី និងឥណ្ឌូនេស៊ី ជំរុញឱ្យអាស៊ាន និងUN ជួយបង្កើនការដាក់សម្ពាធលើមីយ៉ាន់ម៉ា

ដោយៈ សុខុម

សឹង្ហបុរី: នាយករដ្ឋមន្រ្តីសិង្ហបុរី បានជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយបានពិភាក្សារិះរកវិធីជំរុញឱ្យអាស៊ាន និងអង្គការសហប្រជាជាតិ (UN) បង្កើនការដាក់​សម្ពាធកាន់តែតឹងរ៉ឹងលើប្រទេសមីយ៉ាន់ម៉ា។

យោធានៃប្រទេសមីយ៉ាន់ម៉ា បានបន្តគ្រប់គ្រងប្រទេសដោយប្រើកណ្ដាប់ដៃដែក ចាប់តាំងពីធ្វើរដ្ឋប្រហារដ៏បង្ហូរឈាម នៅខែកុម្ភៈ ដើមឆ្នាំ២០២១។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បន្ទាប់ពីជួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង បានប្រាប់ទីភ្នាក់ងារព័ត៌​មាន Reuters ថា លោកទាំង២ ពិតជាមានការសោកស្តាយយ៉ាងខ្លាំង ចំពោះកង្វះវឌ្ឍនភាពលើផែនការសន្តិភាព ដែលដឹកនាំដោយអាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយនៅថ្ងៃច័ន្ទ ទី២០ ខែមីនា។

លោក លី សៀនឡុង បានបន្ថែមទៀតថា “ប្រទេសសិង្ហបុរី បន្តធ្វើការងារជាមួយប្រទេសឥណ្ឌូនេស៊ី និងបណ្ដាប្រទេសជាសមាជិកអាស៊ានផ្សេងទៀត បូករួមទាំងបណ្ដាដៃគូរបស់អាស៊ាន ដូចជាអង្គការសហប្រជាជាតិជាដើម ដើម្បីជំរុញការអនុវត្តសេចក្ដីសម្រេចជាឯកច្ឆន្ទ៥ចំណុចឱ្យបានពេញលេញ”។

បន្ថែមលើផែនការសន្តិភាពសម្រាប់មីយ៉ាន់ម៉ា សិង្ហបុរី និងឥណ្ឌូនេស៊ី បានព្រមព្រៀងធ្វើការរួមគ្នា លើការអភិវឌ្ឍថាមពលកកើតឡើងវិញ។ កិច្ចព្រមព្រៀងនេះ ស្ថិតក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនទៀត ដែលបានចុះហត្ថលេខា ដោយប្រទេសទាំងពីរនៅក្នុងជំនួបនេះ។

ទន្ទឹមនឹងនេះដែរ ក្រុមប្រទេសQuad ដែលរួមមានអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ក៏បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ចំពោះស្ថានភាពកាន់តែយ៉ាប់យ៉ឺន នៅក្នុងប្រទេសមីយ៉ាន់ម៉ាហើយបានអំពាវនាវ ឱ្យបញ្ចប់អំពើហិង្សា ដែលកំពុងបន្តកើនមាន៕ Laotian Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here