កម្ពុជាទទួលបានជ័យលាភី “យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិឈានមុខគេ”

   ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ជាមោទនភាពថ្មីទៀតហើយ ដោយក្រសួងទេសចរណ៍កម្ពុជាទើបទទួលបានពានរង្វាន់ជ័យលាភី “យុទ្ធនាការទីផ្សារទេសចរ​ណ៍អន្តរជាតិឈានមុខគេឆ្នាំ២០២២” ពីកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី (Asian Tourism and Hospitality Awards) របស់សមាគម AHHRA នៃប្រទេសម៉ាឡេស៊ី។

លោក ប្រាក់ វុទ្ធី ប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេស បានឱ្យដឹងថា ការទទួលបានពានរង្វាន់ជ័យលាភី “យុទ្ធនាការទីផ្សារទេសចរណ៍អន្តរជាតិ ឈានមុខគេឆ្នាំ២០២២” នេះ ធ្វើឡើងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

សមាគម AHHRA មានទីស្នាក់ការនៅប្រទេសម៉ាឡេស៊ី ដែលកម្មវិធីប្រគល់ពានរង្វាន់ជ័យលាភី ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន TIN Media។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប្រាក់ វុទ្ធី បានបញ្ជាក់ថា ពានរង្វាន់នេះបង្ហាញយ៉ាងច្បា​ស់អំពីការដឹកនាំ ដ៏ត្រឹមត្រូវរបស់លោកថោង ខុន រដ្ឋមន្ត្រីនៃក្រ​សួងទេសចរណ៍ ការចង្អុលបង្ហាញ និងណែនាំជាប្រចាំរបស់លោកថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្ត្រីក្រោមឱវាទ រួមជាមួយក្រសួង-ស្ថាប័ន សមាគមទេសចរណ៍ ដៃគូពាក់ព័ន្ធ និងផ្នែកឯកជន។

លោកបានបន្តថា លទ្ធផលដែលកើតចេញ ពីកិច្ចសហការទាំងនេះ នៅឆ្នាំ២០២២កន្លងទៅ ក្រសួងទេសចរណ៍បានទទួលប្រតិភូ Familiarization Trip ពីទីផ្សារឥណ្ឌា កូរ៉េ ចិន និងបានរៀបចំកម្មវិធីផ្សព្វផ្សាយបង្ហាញផ្លូវទេសចរណ៍កម្ពុជា ដោយផ្ទាល់នៅប្រទេសហ្វីលីពីន ប្រទេសឥណ្ឌូណេស៊ី ប្រទេសវៀតណាម ក៏ដូចជាការជំរុញការផ្សព្វផ្សាយលើទីផ្សារអន្តរជាតិ តាមរយៈស្ថានទូត ស្ថានអគ្គកុងស៊ុល ទីប្រឹក្សា និងស្ថានតំណាងទេសចរណ៍នៅក្រៅប្រទេស និងការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិផ្សេងៗ នៅទីផ្សារចិនជាលក្ខណៈ Virtual Exhibitions ព្រមទាំងបានជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេស និងគោលដៅទេសចរណ៍កម្ពុជា នៅលើប្រព័ន្ធឌីជីថល ដូចជា Website, Mobile App, Facebook Page, TikTok, WeChat, Instagram, YouTube ផងដែរ។

ពានរង្វាន់នេះ គឺជាការបោះឆ្នោតតាមប្រព័ន្ធឌីជីថល ពីសាធា​រណជន៤៧,៥១៥នាក់ ទទួលបាន៥៤,៨៥០ពិន្ទុ មានបេក្ខភាពចូលរួមជាង២០០នាក់ មកពី២៣ប្រទេសជុំវិញពិភពលោក ចែកជាប្រភេទផ្សេងៗរួមមាន ក្រុមប្រឹក្សាទេសចរណ៍ សណ្ឋាគារ រមណីយដ្ឋាន ភោជនីយដ្ឋាន ក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកដឹកនាំដែលចូលរួមយ៉ាងសកម្មក្នុងឧស្សាហកម្មទេសចរណ៍។

នេះជាលើកទី១ ដែលសមាគម AHHRA សហការជាមួយក្រុមហ៊ុន TIN Media ក្នុងការរៀបចំកម្មវិធីពានរង្វាន់ទេសចរណ៍ និងបដិសណ្ឋារកិច្ចអាស៊ី ដើម្បីប្រគល់ពានរង្វាន់ដល់ប្រទេសជ័យលាភី ក្នុងនោះមានប្រទេសកម្ពុជា តង់សានី ប៊ុលហ្ការី ឥណ្ឌា ហ្វីលីពីន និងម៉ាឡេស៊ី ទទួលដោយផ្ទាល់ ខណៈប្រទេសផ្សេងទៀតបានទទួលពានរង្វាន់តាមអនឡាញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here