ADBផ្តល់ជំនួយជាង៦លានដុល្លារសាងសង់ទីលានចាក់សំរាមនៅខេត្តបាត់ដំបង និងប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ទីលានទុកដាក់សំរាមទំហំ២០,៨០ហិចតា ក្រុងបាត់ដំបង ត្រូវបានប្រគល់ជូនអាជ្ញាធរខេត្ត និងសម្ភាធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដើម្បីចូលរួមការអភិវឌ្ឍលើវិស័យអនាម័យ ក្នុងខេត្តបាត់ដំបង។

ពិធីបើកសម្ភោធទីលានចាក់សំរាមនេះ ធ្វើឡើងនាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួល និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ទីលានទុកដាក់សំរាមក្នុងក្រុងបាត់ដំបង នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

គម្រោងនេះស្ថិតនៅក្នុងភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ គម្រោងទាំងមូលត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ២០,៨០ហិកតា ដែលនឹងគ្រោងឱ្យប្រើប្រាស់នៅដំណាក់កាលដំបូង នៅរណ្ដៅទី១ មានទំហំ២,៩៤ ហិកតា ហើយមានសមត្ថភាព អាចផ្ទុកសំរាមបាន៣១៣,​ ៧០៣ម៉ែត្រគូប សម្រាប់រយៈពេល១០ឆ្នាំ (២០២២ រហូតដល់ ២០៣២) សម្រាប់ប្រជាជន ក្នុងក្រុងបាត់ដំបង និងស្រុកដែលនៅក្បែរទីលានទុកដាក់សំរាម។ តាមការរំពឹងទុក ប្រជាជនប្រមាណ៦០% ដែលត្រូវជា១២៦.០០០ នាក់ នឹងទទួលបានសេវាកម្មផ្នែកអនាម័យ​បរិស្ថា​ន ពីទីលានចាក់សំរាមមួយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវចូល រណ្តៅកប់សំរាម រណ្តៅប្រព្រឹត្តកម្ម អគារដ្ឋបាល អគារស្នាក់នៅ អគារញែកសំរាម អគារផ្គត់ផ្គង់ អគារទុកដាក់កាកសំណល់គ្រោះថ្នាក់ ប៉ុស្តិ៍យាម រោងជាង ចំណតរថយន្ត កន្លែងលាងរថយន្ត ស្ថានីយថ្លឹងរថយន្ត បណ្តាញអគ្គិសនី របង និងដាំដើមឈើជាដើម ហើយប្រើប្រាស់ថវិកាសាងសង់អស់ចំនួន៦,២៨៣,៧៤៧ ដុល្លារអាមេរិក ក្រោមគម្រោងកែលម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ប្រើប្រាស់ថវិកាកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី។

លោកទេសរដ្ឋមន្ត្រី បាន​ជម្រាបជូនអង្គពិធីឲ្យបានជ្រាបពីគម្រោងជាច្រើនទាក់ទង នឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលបាននិងកំពុងអនុវត្ត ក្នុងការចូលរួមលើកកម្ពស់ការរស់នៅរបស់បងប្អូូនប្រជាពលរដ្ឋ ក៏ដូចជា មុខមាត់ខេត្តបាត់ដំបងទាំងមូល ដែលក្នុងនោះរួមមានដូចជា  គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៥ គម្រោងស្ថាបនាផ្លូវជាតិលេខ៥៧ តភ្ជាប់ទៅខេត្តប៉ៃលិន គម្រោងស្ថាបនាផ្លូវជាតិលេខ១០ តភ្ជាប់ទៅខេត្តកោះកុង គម្រោងស្ថាបនាផ្លូភ្ជាប់ត្រង់ទៅខេត្តសៀមរាប និងគម្រោងទីលានទុកដាក់សំរាមនេះជាដើម។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុលបានបង្ហើបឱ្យដឹងថា មានក្រុមហ៊ុនឯកជនមួយ បានទទួលការអនុញ្ញាតឱ្យសិក្សា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ – បាត់ដំបង -ប៉ោយប៉ែត ផងដែរ។ ទាំងអស់នេះគឺជាលទ្ធផល កើតចេញពីសុខសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង ដែលធ្វើឱ្យសុខុមាលភាព ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋកាន់តែប្រសើរ ហើយអត្រាអាយុសង្ឃឹមរស់ក៏មានការកើនឡើងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here