២០២៣នេះនឹងក្លាយជាឆ្នាំមាសសម្រាប់អចលនទ្រព្យ នៅកោះភូកេតប្រទេសថៃ

ដោយ: គង់ លាងហួរ

អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅខេត្តភូកេត បានវិលត្រលប់ទៅរកកម្រិតមុនជំងឺរាតត្បាត ហើយខុនដូ និងវីឡាដែលបានបញ្ចប់ការសាងសង់ទាំងអស់ត្រូវបានលក់អស់ ដែលភាគច្រើនជាអតិថិជនបរទេស។ នេះបើយោងតាមសមាគមអចលនទ្រព្យេខេត្តភូកេត។

លោកស្រី Phathanan Phisutvimol ប្រធានសមាគមអចលនទ្រព្យេខេត្តភូកេតបានមានប្រសាសន៍ថា “ការកើនឡើងនៃការលក់ខុនដូ និងវីឡាប្រណីតបានចាប់ផ្តើម បន្ទាប់ពីជំងឺរាតត្បាតបានធ្លាក់ចុះកាលពីឆ្នាំមុន”។លោកស្រីបន្តថា “ការលក់បានកើនឡើងដល់កម្រិតមុនជំងឺរាតត្បាត ហើយគម្រោងអចលនទ្រព្យចំនួន៨២៣ រួមទាំងសណ្ឋាគារ ត្រូវបានអនុម័តសម្រាប់ការសាងសង់ កាលពីឆ្នាំ២០២២ ខណៈឆ្នាំនេះនឹងក្លាយជាឆ្នាំមាស សម្រាប់ទីផ្សារអចលនទ្រព្យរបស់ភូកេត ហើយការ​រីក​ចម្រើន​នឹង​បន្ត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ខុនដូ និងផ្ទះសរុបចំនួន៤.១៦៣យូនីត នៅក្នុងខេត្តភូកេតត្រូវបានផ្ទេរ ទៅឱ្យអតិថិជនកាលពីឆ្នាំ២០២២ ធៀបនឹង៤.៣៩៨យូនីតនៅក្នុងឆ្នាំ២០១៩ ហើយចំនួនប្រចាំឆ្នាំ បានធ្លាក់ចុះដល់២.៧៦៧និង៣.១៤៣យូនីតនៅក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១។

លោកស្រី Phathanan បានចាត់ទុក“ការស្ទុះងើបឡើងវិញនៃការលក់បណ្តាលមកពីប្រជាជនអឺរ៉ុប ជាពិសេសអ្នកទេសចររុស្ស៊ី និងអាល្លឺម៉ង់ ព្រមទាំងវិនិយោគិនផងដែរ”។

លោកស្រីបានបញ្ជាក់ថា មនុស្សជាច្រើនបានទិញខុនដូ ឬផ្ទះក្នុងនាមប្តី ឬប្រពន្ធជាជនជាតិថៃ ដោយបន្ថែមថាតម្រូវការខុនដូបានចាប់ផ្តើមកើនឡើង នៅក្នុងខែឧសភាឆ្នាំ២០២២។

លោកស្រីរំពឹងថា “តម្រូវការអចលនទ្រព្យ នៅលើកោះភូកេតនេះនឹងកើនឡើងបន្ថែមទៀត ខណៈដែលអតិថិជនជនជាតិចិន កាន់​តែច្រើនត្រឡប់មកវិញ”។ លោកស្រីបានពន្យល់ថា “ជនជាតិចិនបានកក់ទុក បន្ទាប់មកបានលុបចោលវិញ ប្រហែល៥.០០០យូនីតក្នុងអំឡុងពេលជំងឺរាតត្បាត ហើយពួកគេទំនងជានឹងត្រឡប់មកវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here