រដ្ឋាភិបាលជប៉ុនផ្តល់ជំនួយឥតសំណងជាង១៤មុឺនដុល្លារដើម្បីសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅខេត្តតាកែវ

ដោយ: គង់ លាងហួរ
ភ្នំពេញ: រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួន១៤៥.៦៩២ដុល្លារអាមេរិក សម្រាប់សាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ (CTC) នៅស្រុកបាទី ខេត្តតាកែវ។

គម្រោងថ្មីនេះត្រូវបានគេរំពឹងថានឹងផ្តល់ការបណ្តុះបណ្តាលដល់សិស្សចំនួន១.០០០នាក់ ដើម្បីបង្កើនជំនាញឌីជីថលរបស់ពួកគេ ក្រៅពីជួយប្រជាពលរដ្ឋក្នុងស្រុកចំនួន៨.០០០នាក់ឱ្យរៀនពីបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ។

គម្រោងនេះអនុវត្តដោយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តតាកែវ ហើយវាក៏ជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដើម្បីបើក CTCs នៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ជំនាញឌីជីថលរបស់ប្រជាជនកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Ueno Atsushi ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បង្ហាញក្តីសង្ឃឹមថា “គម្រោងនេះនឹងជួយដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ជំនាញឌីជីថលរបស់ប្រជាជន”។

លោកឯកអគ្គរដ្ឋទូតបានកត់សម្គាល់ថា ប្រទេសជប៉ុនប្តេជ្ញាជួយកម្ពុជាដោះស្រាយបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការជាច្រើន រួមទាំងកម្មវិធី Kusanoneផងដែរ។

លោកបានបន្តថា “កម្ពុជា​កំពុង​អភិវឌ្ឍខ្លួនយ៉ាង​លឿន ប៉ុន្តែ​ទន្ទឹម​នឹង​នេះ កម្ពុជានៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើក​កម្ពស់​គុណភាព​ជីវិត​របស់​ប្រជាពលរដ្ឋ ហើយប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះតាមរយៈគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការជាច្រើន រួមទាំងជំនួយ Kusanone ផងដែរ”។

លោក Takei Shunsuke រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ជប៉ុន​បាន​ថ្លែង​កាល​ពី​ពេល​ថ្មីៗ​នេះថា“ការអភិវឌ្ឍដ៏គួរឱ្យកត់សម្គាល់របស់កម្ពុជាក្នុងវិស័យសេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធទាក់ទាញការវិនិយោគរបស់ជប៉ុន ហើយទំនាក់​ទំនង​របស់​ប្រទេស​ជប៉ុន និង​កម្ពុជា​អាច​កាន់​តែ​រុឹង​មាំ​ឡើង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here