លោក ពូទីន ធ្វើទស្សនកិច្ចគួរឱ្យភ្ញាក់ផ្អើលទៅកាន់ក្រុងកំពង់ផែ អ៊ុយក្រែន Mariupol ដែលរុស្ស៊ីវាយដណ្ដើមបាន

ដោយៈ សុខុម

មូស្គូ: ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ច ដ៏គួរឱ្យភ្ញាក់ផ្អើល ទៅកាន់ទីក្រុងកំពង់ផែអ៊ុយក្រែន Mariupol ដែលរុស្ស៊ី វាយដណ្ដើមកាន់កាប់បាន បន្ទាប់ពីកងកម្លាំងរុស្ស៊ី បានវាយប្រហារទៅលើទីក្រុងនេះស្ទើរតែខ្ទេចខ្ទីគ្មានសល់។

វីដេអូផ្លូវការមួយ បានបង្ហាញពីសកម្មភាព លោក ពូទីន កំពុងបើកឡានតាមកាត់ផ្លូវពេលយប់ ហើយបាននិយាយទៅកាន់ប្រជាជន។

វិមានក្រឹមឡាំងបានបញ្ជាក់ថា រឿងនោះបានកើតឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន BBC ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី១៩ ខែមីនា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គេជឿថាវាជាការធ្វើដំណើរ លើកដំបូងរបស់លោក ពូទីន ទៅកាន់ទឹកដីអ៊ុយក្រែន ដែលរុស្ស៊ី វាយដណ្ដើមកាន់កាប់បានថ្មីៗនេះ។

អភិបាលក្រុង Mariupol ដែលកំពុងនិរទេសខ្លួនបានប្រាប់សារព័ត៌មាន BBC News ថា លោក ពូទីន គឺជា “ឧក្រិដ្ឋជន” ដែលបាន “ត្រឡប់មកកន្លែងកើតហេតុនៃឧក្រិដ្ឋកម្ម”។

លោក Vadym Boychenko និយាយថា “គាត់បានមកដោយផ្ទាល់ ដើម្បីមើលអ្វីដែលគាត់បានធ្វើ។ គាត់មកមើលថា តើទោសអ្វីដែលគាត់នឹងត្រូវទទួល”។

ក្រុមមន្ត្រីក្រុងអ៊ុយក្រែន ដែលនិរទេសផ្សេងៗទៀតបាននិយាយថា លោក ពូទីន បានចុះទៅទីក្រុង Mariupol ពេលយប់។ ដូច្នេះគាត់មើលមិនឃើញឡើយ នូវទីក្រុងដែលត្រូវបានបំផ្លាញទាំងថ្ងៃនេះ។

ទីភ្នាក់ងារសារព័ត៌មាន Tass បាននិយាយថា លោក ពូទីន បានធ្វើដំណើរទៅកាន់ទីក្រុង Mariupol តាមឧទ្ធម្ភាគចក្រ។ នៅក្នុងវីដេអូនោះបង្ហាញ ពីសកម្មភាពលោក ពូទីន កំពុងនៅក្នុងរថយន្តជាមួយឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោកMarat Khusnullin ដែលពន្យល់ពីរបៀបកសាងទីក្រុងកំពង់ផែនឡើងវិញ។

ទីក្រុង Mariupol បានស្ថិតនៅក្រោមការកាន់កាប់ របស់រុស្ស៊ី អស់រយៈពេលជាង១០ខែមកហើយ បន្ទាប់ពីត្រូវបានបំផ្លិចបំផ្លាញក្នុងសមរភូមិប្រយុទ្ធដ៏យូរបំផុត និងបង្ហូរឈាមបំផុតមួយនៅក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។ អ៊ុយក្រែន និយាយថា មនុស្សជាង២០.០០០នាក់ត្រូវបានសម្លាប់នៅទីនោះ។

អង្គការសហប្រជាជាតិ (UN) បានប៉ាន់ប្រមាណថា ៩០%នៃអគារត្រូវបានខូចខាត ហើយប្រជាជនប្រមាណ៣៥០.០០០នាក់ ត្រូវបានបង្ខំឱ្យចាកចេញ ក្នុងចំណោមប្រជាជន ដែលមានចំនួនប្រមាណ៥០០.០០០នាក់នៅមុនពេលផ្ទុះសង្គ្រាម៕ BBC៕

LEAVE A REPLY

Please enter your comment!
Please enter your name here