លោកស្រីជា សិរីៈការដួលរលំធនាគារអាមេរិកមិនមែនជារឿងធំទេ

   ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ  ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោកស្រីជា សិរីបានថ្លែងថា ធនាគារជាតិនៃកម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ពីឥទ្ធិពល នៃការដួលរំលំធនាគារអាមេរិកមួយចំនួនថា តើវាមានផលប៉ះពាល់ដល់សេដ្ឋកិច្ចអាមរិកដែរឬយ៉ាងណា ដើម្បី  រដ្ឋាភិបាលមានវិធានការទប់​ស្កាត់ឱ្យបានទាន់​ពេលវេលា។

ថ្លែងក្នុងទិវាអបអរសាទរប្រាក់រៀលខួបលើកទី៤៣ នៃការដាក់ឲ្យចរាចរប្រាក់រៀលឡើងវិញ ២០ មីនា ១៩៨០ .២០មីនា២០២៣ កាលពីថ្ងៃទី១៩ មីនា នៅផ្សារទំនើបអ៊ីអនម៉លមានជ័យ (អ៊ីអន៣) រាជធានី លោកស្រីបណ្ឌិត ជា សិរី  ទេសាភិបាលរងធនាគារជាតិកម្ពុជា បានមានប្រសាសន៍ថា អ្វីដែលកើតឡើងធនាគារនៅអាមេរិកដួល​រលំនោះតាមពិតវា​មិនមែនជារឿងធំដុំនោះទេ គឺកើតឡើងដោយសារការជ្រួលច្របល់ របស់ប្រជាពលរដ្ឋអាមេរិក ដោយសារការឮតាម​គ្នាក៏ទៅដក​ប្រាក់​ពី​ធនាគារ ទើបធ្វើឱ្យធនាគារដួលរលំ។

លោកស្រីបណ្ឌិតបន្តថា ដូចប្រសាសន៍សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងកន្លងមក យើងមិនត្រូវ​មានការជ្រួល​ច្របល់ទេ ស្ថានភាពធនាគារនៅកម្ពុជា នៅរក្សាបានដោយយើងបានត្រួតពិនិត្យយ៉ាងតឹងតែង ទោះបីជាក្នុងកំឡុងពេល​រាតត្បាតជំងឺកូវីដ១៩ ក៏ដោយ យើង​នៅតែអាចទប់ស្កាត់បានដោយមិនមានបញ្ហាអ្វីឡើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីជា សិរីបានបន្តថា “ប្រជាជនកម្ពុជារក្សាភាពស្ងប់ស្ងាត់ព្រោះថាធនាគារដែលដួលរលំ នៅសហរដ្ឋអាមេរិក​មិនមានទំនាក់ទំនងជាមួយធនាគារនៅស្រុកខ្មែរយើងទេ”។’

បច្ចុប្បន្ននេះកម្ពុជាមានធនាគារប្រមាណ៥៩ ដែលកំពុងស្ថិតក្នុងការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា ដែលមានបទ​បញ្ញាតយ៉ាងតឹងរ៉ឹងស្របពេលដែលធនាគារទាំនោះ មានសុខភាពល្អ។ នេះជាការបញ្ជាក់របស់លោកស្រី ជា សិរី។

លោកស្រីបន្ថែមថា ការចាត់វិធានការតឹងរ៉ឹងនៅពេលធនាគារមានសុខភាពល្អ វាប្រសើរ​ជាងពេលដែលធនាគារ​មានបញ្ហា ទើបអនុវត្ត ព្រោះថាយើងក៏មិនដឹងថា ទៅខាងមុខនឹងមានហេតុការណ៍អ្វីកើតឡើងនោះទេ។

នាពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស​អ្នក​ដែលមានប្រាក់ដាក់នៅតាមធនាគារក្នុងប្រទេសកម្ពុជា កុំមានការស្លន់ស្លោចំពោះបញ្ហាដួលរលំធនាគារ​ធំៗមួយ​ចំនួន នៅសហរដ្ឋអាមេរិក ថានឹងប៉ះពាល់ដល់វិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។

សម្ដេចបានគូសបញ្ជាក់ថា “ការភ័យស្លន់ស្លោរត់ទៅដកប្រាក់ចេញពីប្រព័ន្ធធនាគារមុនកាលកំណត់ គឺជាការខាងបង់​ប្រយោជន៍ទៅវិញ ព្រោះតែត្រូវខាតបង់ការប្រាក់ ដែលបានព្រមព្រៀងជាមួយធនាគារ”។

សម្ដេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវជំនឿចិត្តយ៉ាងមុតមាំចំពោះសហរដ្ឋអាមេរិកថា នឹងអាចដោះស្រាយបញ្ហានៃការដួល​រលំនៃធនា​គារពាណិជ្ជចំនួន២របស់ខ្លួនបាន ព្រោះអាមេរិកធ្លាប់មានបទពិសោធន៍បែបនេះរួចហើយ ក្នុងការគ្រប់គ្រងសេដ្ឋកិច្ច ដែលនឹងមិនធ្វើឲ្យមានភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុនោះទេ។

លើសពីនោះ សម្ដេចក៏មានជំនឿចិត្ត លើ​ការគ្រប់គ្រងរបស់រាជ រដ្ឋាភិបាលកម្ពុជា ក៏ដូចជា ភាពរឹងមាំនៃវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជាផងដែរ៕

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here