កម្ពុជាត្រូវបានប្រកាសជាជ័យលាភីនៃកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាលក្នុងចំណោមប្រទេសចំនួន៥២

ដោយៈ គង់ ម៉ាលីនណា

      ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានថ្លែងថា ក្នុងឆ្នាំ២០២២ CamDX ត្រូវបានប្រកាសទទួលជ័យលាភី ពីកម្មវិធីពានរង្វាន់អនាគតរដ្ឋាភិបាល (Future of Government Awards ) ដែលមានគម្រោងចូលរួមប្រកួតប្រជែងចំនួន១៥០ និងមកពី៥២ប្រទេស សម្រាប់កម្មវិធីទាំងមូល។

លោកបន្តថា “នេះជាមោទនភាពថ្មីមួយទៀត របស់កម្ពុជាលើឆាកអន្តរជាតិ និងជាកាលានុវត្តន៍ភាព ក្នុងការប្រើប្រាស់ដោយបច្ចេកវិទ្យាឌីជីថល និងការធ្វើទំនើបកម្មរដ្ឋបាលរបស់ខ្លួន ដោយនៅក្រោមម្លប់សុខសន្តិភាព កម្ពុជាកំពុងតែបោះជំហានឆ្ពោះ ទៅការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលមួយរស់រវើក និងប្រកបដោយបរិយាប័ន្ន”។

លោកប៉ាន សូរស័ក្តិបានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក Chris Clark ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា(VISA)កាលពីថ្ងៃទី១៦ មិនាកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្រ្តី បានលើកឡើងបន្ថែមថា ការចូលរួមរបស់ក្រុមហ៊ុន Visa លើវិស័យទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ជាមួយរាជរដ្ឋាភិបាល និងអង្គការផ្សេងៗក្នុងការបណ្តុះបណ្តាល ចំណេះដឹងហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា។

ជំនួបនេះ ប្រធានតំបន់ប្រចាំអាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុនវីសា (VISA) ធ្វើឡើងដើម្បីចែករំលែកក្របខណ្ឌច្បាប់ លិខិតបទដ្ឋានគតិយុត្តិ និងគោលនយោបាយពាក់ព័ន្ធពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក សំដៅជំរុញការអភិវឌ្ឍពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថលកម្ពុជា។

លោក Chris Clark ថា វិបត្តិកូវីដ-១៩ បានបង្កើតកាលានុវត្តន៍ភាព ដែលជួយជំរុញបញ្ហាឌីជីថលខ្លាំងនៅកម្ពុជា ជាពិសេសការទូទាត់តាមឌីជីថល និងវិវឌ្ឍន៍ទៅរកការទូទាត់ដោយគ្មានទំនាក់ទំនង(Contactless Payment )។ បន្ថែមពីនេះ ដើម្បីបម្រើសេវាកម្មឱ្យខិតកៀកទៅជិតពាណិជ្ជករ បង្កើតភាពងាយស្រួល កាត់បន្ថយការចំណា​យ និងពេលវេលាចុះបញ្ជីពាណិជ្ជកម្ម រាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យប្រើប្រាស់ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)។

លោក Chris Clark ក៏បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានប្ដេជ្ញាចិត្ត ក្នុងការបន្តថែរក្សាស្ថេរភាពនយោបាយ វិបុលភាព និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសបានកោតសរសើ ពីកិច្ចខិតខំប្រែងរបស់ក្រសួងពាណិជ្ជកម្មក្នុងការជំរុញ និងធ្វើឱ្យប្រសើឡើងនូវវិស័យឌីជីថលនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here