កម្ពុជា និងអេមីរ៉ាតអារ៉ាប់រួមប្រកាសបញ្ចប់ជាផ្លូវការ នៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ

ដោយៈ លក្ខិណា

ភ្នំពេញៈ  ការចរចានៃកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់រវាងកម្ពុជា និង អេមីរ៉ាតអារ៉ាប់រួម បានប្រកាសបញ្ចប់ជាផ្លូវការ ដោយភាគីទាំងពីរបានប្រកាសរួមគ្នា ពីការបញ្ចប់ការចរចានេះ កាលពីរសៀលថ្ងៃទី ១៦មីនា ២០២៣ ។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានថ្លែងថា សមិទ្ធផលជាប្រវត្តិសាស្រ្ត និងមានសារៈសំខាន់មួយនេះ ត្រូវបានផ្តួចផ្តើម និងបង្កើតស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ក្នុងការធ្វើពិពិធកម្មទីផ្សារនាំចេញ និងបន្តជំរុញសមាហរណកម្មសេដ្ឋកិច្ចកម្ពុជា ចូលទៅក្នុងតំបន់និងពិភពលោក ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ជាលទ្ធផល ភាគីទាំងពីរបានឯកភាព និងចុះហត្ថលេខាលើលក្ខន្តិកៈ យោងនៃការបង្កើតកិច្ចព្រមព្រៀង Cambodia-UAE CEPA កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហើយបានប្រកាសបើកការចរចាជុំទី១ នៅថ្ងៃទី២៤-២៦ ខែតុលា ឆ្នាំ២០២២ នៅរដ្ឋធានីអាប៊ុយដាប៊ី អេមីរ៉ាតអារ៉ាប់រួម។

បន្ទាប់មក ភាគីទាំងពីរបានរៀបចំការចរចាជុំទី២ នៅថ្ងៃទី១៩-២១ ខែធ្នូ ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា និងការចរចាជុំទី៣(ជុំចុងក្រោយ) នៅថ្ងៃទី២0-២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងឌុយបៃ អេមីរ៉ាតអារ៉ាប់រួម ប្រកបដោយសមិទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ។

លោកប៉ាន សូរស័ក្តិបានបញ្ជាក់ថា ការចរចានេះ បានដឹកនាំដោយលោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមចរចាពាណិជ្ជកម្ម សម្រាប់ភាគីកម្ពុជា និងលោក ជូម៉ា ម៉ូហាមេដ អាល់ កាត  អនុរដ្ឋមន្រ្តីទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមចរចាពាណិជ្ជកម្ម សម្រាប់ភាគីអេមីរ៉ាតអារ៉ាប់រួម។

លោកបញ្ជាក់ថា ដោយទទួលស្គាល់ពីថាមវ័ន្តសេដ្ឋកិច្ច នៃប្រ​ទេសទាំងពីរ ប្រទេសកម្ពុជា និងប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងអាចទាញយកអត្ថប្រយោជន៍ ជាអតិបរមាក្រោមក្របខណ្ឌនេះ ដើម្បីជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច សម្រាប់ប្រជាជននៃភាគីទាំងពីរ តាមរយៈការលើកកម្ពស់ខ្សែច្រវាក់តម្លៃ កិច្ចសម្រួលពាណិជ្ជកម្ម ការជំរុញវិនិយោគទ្វេភាគី និងការពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសក្តានុពលនានា ដែលជាកាលានុវត្តភាពថ្មីៗ ផ្តល់ដោយអាស៊ាន និងតំបន់មជ្ឈឹមបូព៌ា។

លោកលើកឡើងទៀតថា  កិច្ចព្រមព្រៀងដ៏មានសារៈសំខាន់នេះ គ្របដណ្តប់លើពាណិជ្ជកម្មទំនិញ វិធានដើមកំណើតទំនិញ នីតិវិធីគយនិងកិច្ចសម្រួលពាណិជ្ជកម្ម អនាម័យនិងភូតគាមអនាម័យ របាំងបច្ចេកទេសពាណិជ្ជកម្ម ឧបាស្រ័យ ពាណិជ្ជកម្ម វិនិយោគ ពា​ណិជ្ជកម្មសេវា ពាណិជ្ជកម្មឌីជីថល កម្មសិទ្ធិបញ្ញា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងបច្ចេកទេស សហគ្រាសធុនតូចនិងមធ្យម តម្លាភាព យន្តការដោះស្រាយវិវាទ អញត្រកម្ម រដ្ឋបាលកិច្ចនៃកិច្ចព្រមព្រៀង និងអវសានប្បញ្ញត្តិ។

ក្នុងនោះដែរ ទំនិញកសិកម្ម និងឧស្សាហកម្មសក្តានុពល ដែលកម្ពុជានឹងទទួលបានទីផ្សាររួមមាន អង្ករ បន្លែ ចេក ស្វាយចន្ធី ស្វាយ ពោត ម្រេច ធុរេន នំធ្វើពីអង្ករ ដំណាប់ផ្លែឈើ កង់ គ្រឿងបង្គុំអេឡិចត្រូនិក រថយន្តអគ្គិសនី កាបូបធ្វើដំណើរ ស្បែកជើង សម្លៀកបំពាក់ជាដើម ។

រីឯទីផ្សារសេវាដែលកម្ពុជាទទួលបានសំខាន់ៗ រួមមាន សេវាកម្មអាជីព និងសេវាកម្មធុរកិច្ច សេវាកម្មសំណង់និងវិស្វកម្ម និង សេវាកម្មបរិស្ថាន ។

បច្ចុប្បន្ននេះ កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៣ ហើ​យដែ​លបានចូលជាធរមាន ក្នុងនោះរួមមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា ចិន កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា កូរ៉េ៕

LEAVE A REPLY

Please enter your comment!
Please enter your name here