សម្ដេចតេជោអំពាវនាវប្រជាពលរដ្ឋកុំស្លន់ស្លោចំពោះការដួលរលំ នៃធនាគាររបស់អាមេរិក

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កាលពីប៉ុន្មានថ្ងៃនេះធនាគារធំៗ របស់អាមេរិកចំនួន២បានប្រកាសពីការដួលរលំ និងមានការចុះផ្សាយព្រោងព្រាតផងដែរពីការដួលរលំនេះ។

សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យពលរដ្ឋកម្ពុជា កុំមានការស្លន់ស្លោ ចំពោះការដួលរលំនៃធនាគាររបស់អាមេរិក។

នៅក្នុងពិធីប្រគល់សញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅព្រឹកថ្ងៃទី១៦ មីនា ២០២៣ សម្ដេចតេជោមានប្រសាសន៍ថា សូមកុំស្លន់ស្លោចំពោះមុខ នៃការដួលរលំនៃធនាគារអាមេរិក ហើយរឿងនេះ វាក៏ធ្លាប់បានកើតនៅពេលមានវិបត្តិហិរញ្ញវត្ថុនៅអាស៊ី ក្នុងឆ្នាំ១៩៩៧ ។ ពេលនោះបណ្ដាធនាគារ នៅប្រទេសអាស៊ីមានភាពច្របូកច្របល់ រាប់ទាំងធនាគារនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែធនាគារនៅក្នុងប្រទេសកម្ពុជាពេលនោះ គឺមានទំហំតូចៗនៅឡើយទេ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចតេជោបន្តថា កាលនោះពលរដ្ឋកម្ពុជាមួយចំនួនបាននាំគ្នាដកលុយជាបន្តបន្ទាប់ រយៈពេលជិត៣សប្ដាហ៍ ប៉ុន្តែបន្ទាប់ពីនោះក៏ឃើញថាពលរដ្ឋកម្ពុជា បានយកលុយទៅដាក់នៅក្នុងធនាគារវិញ និងធ្វើឱ្យធនាគាររបស់កម្ពុជា មួយចំនួនរាប់ទាំងធនាគារពាណិជ្ជកម្មក្រៅប្រទេស និងធនាគារកាណាឌីយ៉ារឹងមាំឡើងវិញ។

ក្នុងអំឡុងនោះ ក៏មានធនាគារពីរ ឬបីធនាគារនៅកម្ពុជាក៏បានដួលរំលំដែរ ។ រហូតដល់ឆ្នាំ ២០០៨ គ្រាដែលមានវិបត្តិសេដ្ឋកិច្ចសាកល ដោយផ្ដើមចេញពីការដួលរលំ របស់ធនាគារអាមេរិកមួយដែរ តែវាមិនបានធ្វើឱ្យប៉ះពាល់ដល់កម្ពុជាទេ ពិតតែពេលនោះកម្ពុជាក៏បានខិតខំទប់ស្កាត់ហានិភ័យឱ្យមានវិបត្តិធ្ងន់ធ្ងរដែរ ។

សម្ដេចតេជោហ៊ុន សែន មានប្រសាសន៍បន្តទៀតថា មកដល់ពេលនេះ បណ្ដាធនាគារនៅកម្ពុជា អាចគ្រប់គ្រងហានិភ័យខ្លួនឯង យើងបានកាត់បន្ថយទម្លាក់ អត្រាទុនបម្រុងកាតព្វកិច្ចមកនៅត្រឹមតែ៧ភាគរយ។

ដូច្នេះហើយសម្ដេចបានអំពាវនាវដល់ពលរដ្ឋកម្ពុជា ដែលមានដាក់ប្រាក់នៅក្នុងធនាគារ សូមកុំស្លន់ស្លោ ពីព្រោះថាបើស្លន់ស្លោនឹងធ្វើឱ្យយើងបាត់បង់ផលប្រយោជន៍ទៅវិញទេ។

សម្តេចបានលើកជាឧទាហរណ៍ថា ប្រាក់របស់យើងបានដាក់ដើម្បីយកការប្រាក់រយៈ៦ខែ ឬ១ឆ្នាំតែបើយើងដកយកមកវិញ មុនកាលកំណត់គឺធនាគារ នឹងមិនផ្ដល់អត្រាការប្រាក់ជូនម្ចាស់លុយនោះទេ ។

សម្ដេចតេជោបញ្ជាក់ថា កាលពីក្នុងពេលវិបត្តិក្នុងឆ្នាំ ២០០៨ ឬ២០០៩ក៏មិនមានឥទ្ធិលពល មកលើប្រព័ន្ធធនាគារនៅក្នុងប្រទេសកម្ពុជានោះដែរ ហើយពេលនោះមានវិបត្តិនៅអាមេរិកផង និងនៅអឺរ៉ុបផង តែមិនមានវិបត្តិនៅអាស៊ី និងនៅកម្ពុជានោះទេ។ ដូច្នេះការភ័យស្លន់ស្លោនឹងនាំហានិភ័យ និងបង្កភាពច្របូកច្របល់ ក្នុងវិស័យហិរញ្ញវត្ថុ និងធនាគារនៅក្នុងប្រទេសកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here