អារ៉ាប៊ីសាអូឌីត និងក្រុមហ៊ុន Boeing ចុះកិច្ចព្រមព្រៀងទិញលក់យន្តហោះក្នុងតម្លៃ៣៧ពាន់លានដុល្លារ

ដោយៈ សុខុម

ក្រុងរីយ៉ាដៈ  ប្រទេសអារ៉ាប៊ីសាអូឌីត បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក Boeing ដើម្បីទិញយន្តហោះចំនួន១២១គ្រឿងក្នុងតម្លៃ សរុបរហូតដល់ទៅ៣៧ពាន់លានដុល្លារ សម្រាប់ការបើកដំណើរការ នៃក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយរបស់ប្រទេសនេះ។

នៅក្នុងកិច្ចព្រមព្រៀងនេះ យន្តហោះធុន Boeing 787 Dreamliner ដែលបំពាក់ម៉ាស៊ីន General Electric នឹងត្រូវបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត ដោយក្នុងនោះ៧២គ្រឿងទុកសម្រា​ប់ក្រុមហ៊ុនអាកាសចរណ៍ថ្មី Riyadh Air ដែលព្រះអង្គម្ចាស់រាជទាយា​ទ Mohammed bin Salman បានប្រកាសកាលពីថ្ងៃអាទិត្យ ចុងសប្ដាហ៍កន្លងទៅ។ នេះបើយោងតាមសារព័ត៌មាន Arab News ចុះផ្សាយនៅថ្ងៃពុធ ទី១៥ ខែមីនា នេះ។

ក្រុមហ៊ុនអាកាសចរណ៍Riyadh Air ត្រូវបានកាន់កាប់ទាំងស្រុងដោយមូលនិធិវិនិយោគសាធារណៈ (PIF) ហើយលោក Yasir Al-Rumayyan ដែលជាទេសាភិបាលនៃមូលនិធិនេះ និងជាប្រធានក្រុមហ៊ុនអាកាសចរណ៍ខាងលើនេះបានថ្លែងថា “នេះគឺជាថ្ងៃដ៏មានសារៈសំខាន់សម្រាប់មូលនិធិ PIF និងក្រុមហ៊ុន Riyadh Air ហើយវាបង្ហាញពីការប្តេជ្ញាចិត្តរបស់យើង ក្នុងការពង្រីកការតភ្ជាប់យ៉ាងទូលំទូលាយរបស់អារ៉ាប៊ីសាអូឌីត ជាមួយពិភពលោក”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Stan Deal ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Boeing Commercial Airplanes (BCA) ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុន Boeing បានបង្ហាញការស្វាគមន៍ចំពោះ “ការបញ្ជាទិញដ៏ធំសម្បើមនេះ”។

លោកធ្វើការកត់សម្គាល់ថា “យើងពិតជាមានមោទនភាពខ្លាំងណាស់ ចំពោះការចាប់ដៃគូសហការរបស់យើងជិត៨ទសវត្សរ៍ ដើម្បីជំរុញការនវានុវត្តន៍ថ្មី និងកំណើនប្រកបដោយនិរន្តរភាព ក្នុងវិស័យអាកាសចរណ៍របស់ប្រទេសអារ៉ាប៊ីសាអូឌីត”។ លោកបន្តថា “កិច្ចព្រមព្រៀងរបស់យើង ពង្រឹងភាពជាដៃគូដ៏យូរអង្វែងនោះ ហើយនឹងពង្រីកបន្ថែមទៀត នូវលទ្ធភាពទទួលបានការធ្វើដំណើរ តាមផ្លូវអា​កា​សប្រកបដោយសុវត្ថិភាព និងនិរន្តរភាពជាច្រើនទសវត្សរ៍ទៀត”។

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋ Saudi Press Agency ឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ Riyadh Air នឹងធ្វើឱ្យរាជធានីនៃប្រទេសអារ៉ាប៊ីសាអូឌីត មួយនេះក្លាយជាច្រកចេញ ចូលទៅកាន់ពិភពលោក និងគោលដៅដឹកជញ្ជូន ពាណិជ្ជកម្ម និងវិស័យទេសចរណ៍របស់ពិភពលោកទាំងមូល៕ Arab News៕

LEAVE A REPLY

Please enter your comment!
Please enter your name here