តម្លៃផ្សារហ៊ុននៅតំបន់អាស៊ីហក់ឡើងខ្លាំង ក្រោយក្តីបារម្ភពី វិបត្តិធនាគារថមថយចុះ

ដោយ: គង់ លាងហួរ

សិង្ហបុរី: ផ្សារហ៊ុននៅតំបន់អាស៊ី បានហក់ឡើងថ្លៃខ្លាំងនៅថ្ងៃពុធនេះ ដោយតាមដានការហក់ឡើងនៅផ្សារហ៊ុន Wall Street ហើយទិន្នន័យអតិផរណាអាមេរិក មិនបានផ្តល់ការភ្ញាក់ផ្អើលអាក្រក់ និងផ្តល់សង្ឃឹមថា ធនាគារ Federal Reserve អាចនឹងដំឡើងការប្រាក់តិចជាងមុននៅសប្តាហ៍ក្រោយ។

ក្រុមវិនិយោគិនជាច្រើន បានវិលចូលទៅក្នុងផ្សារហ៊ុនសហរដ្ឋអាមេរិកពេញមួយយប់ឡើងវិញ ខណៈដែលការភ័យខ្លាចអំពីការរីករាលដាលនៃវិបត្តិនៅក្នុងវិស័យធនាគារ បន្ទាប់ពីការដួលរលំនៃធនាគារ Silicon Valley (SVB) កាលពីសប្តាហ៍មុនបានធូរស្រាល។

សន្ទស្សន៍ផ្សារហ៊ុនដ៏បំផុតរបស់ MSCI នៃតំបន់អាស៊ីប៉ាស៊ីហ្វិកនៅខាងក្រៅប្រទេសជប៉ុន បានហក់ឡើង១,៤៤ភាគរយ ដោយបានធ្លាក់ចុះ១,៧ភាគរយ កាលពីថ្ងៃអង្គារ បន្ទាប់ពីការដួលរលំរបស់ធនាគារ SVB ដែលបានបង្កឱ្យមានការលក់ភាគហ៊ុន ចេញយ៉ាងខ្លាំងពីសំណាក់វិនិយោគិន នៅក្នុងវគ្គជួញដូរចំនួន២ ទៅ៣លើកចុងក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទស្សន៍ផ្សារហ៊ុន S&P/ASX 200 របស់អូស្ត្រាលីបានហក់ឡើង០,៣៣ភាគរយ នៅក្នុងការជួញដូរដំបូង ខណៈដែលផ្សារហ៊ុន Nikkei របស់ប្រទេសជប៉ុនភាគច្រើននៅទ្រឹង។

ចំណែក ផ្សារហ៊ុនរបស់ប្រទេសចិន មានការហក់ឡើងថ្លៃ០,៤៦ភាគរយ ខណៈដែលសន្ទស្សន៍ផ្សារហ៊ុន Hang Seng របស់ទីក្រុងហុងកុងបានហក់ឡើងថ្លៃរហូតដល់ទៅ១,៤ភាគរយ។

ទិន្នផលឧស្សាហកម្មរបស់ប្រទេសចិន ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣ បានកើនឡើង២,៤ភាគរយធៀបនឹងឆ្នាំមុន ដោយបង្កើនល្បឿន ពីកំណើនប្រចាំឆ្នាំ១,៣ភាគរយ ដែលបានកត់ត្រានៅក្នុងខែធ្នូ។  ទិន្នន័យនេះ បានខុសផ្ទុយពីការព្យាករណ៍តិចតួច សម្រា​ប់កំណើន២,៦ភាគរយ នៅក្នុងការស្ទង់មតិរបស់សារពត៌មាន Reuters ពីក្រុមអ្នកវិភាគ។

ក្រុមវិនិយោគិនក៏បានធូរចិត្តផងដែរ  បន្ទាប់ពីរបាយការណ៍អតិផរណានៅខែកុម្ភៈ របស់សហរដ្ឋអាមេរិកបានបង្ហាញថា តម្លៃអ្នកប្រើប្រាស់កើនឡើង០,៤ភាគរយ ជាមួយនឹងកំណើន៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ស្របតាមការរំពឹងទុករបស់អ្នកវិភាគ ដោយសារគេមានក្តីបារម្ភថា ប្រសិនបើទិន្នន័យខ្លាំងជាងការរំពឹងទុក នោះវាអាចនឹងនាំឱ្យធនាគារកណ្តាលអាមេរិក ដំឡើងអត្រាការប្រាក់កាន់តែខ្លាំងដើម្បីទប់ទល់នឹងអតិផរណា៕

LEAVE A REPLY

Please enter your comment!
Please enter your name here