ដោយ: គង់ លាងហួរ
ភ្នំពេញ: យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានឱ្យដឹងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចិនឈានដល់១,៧ពាន់លានដុល្លារ ក្នុងរយៈពេល២ខែដំបូងនៃឆ្នាំ២០២៣ ធ្លាក់ចុះ១៥,៦ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។
របាយការណ៍ដដែលបានបន្តថា ប្រទេសចិននៅតែជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់កម្ពុជា តាមពីក្រោយដោយសហរដ្ឋអាមេរិក វៀតណាម និងថៃ។
ទំហំពាណិជ្ជកម្មជាមួយប្រទេសចិន គ្របដណ្តប់រហូតដល់ទៅ២៤ភាគរយ នៃទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជា ដែលមានទំហំសរុបចំនួន៦,៨ពាន់លានដុល្លារ នៅក្នុងអំឡុងខែមករាដល់ខែកុម្ភៈ។
ផលិតផលនាំចេញសំខាន់ៗ របស់ប្រទេសទៅកាន់ប្រទេសចិនគឺ អង្ករ ចេក ស្វាយ ដំឡូងមី នេសាទ និងសម្លៀកបំពាក់ ខណៈទំនិញ ដែលប្រទេសកម្ពុជា នាំចូលភាគច្រើនជាវត្ថុធាតុដើមកាត់ដេរ គ្រឿងចក្រ យានជំនិះ គ្រឿងឧបភោគបរិភោគ គ្រឿងអេឡិចត្រូនិក និងថ្នាំពេទ្យជាដើម ពីទីក្រុងប៉េកាំង។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នឹងជួយពន្លឿន ដល់ការនាំចេញកសិផលកម្ពុជា ទៅកាន់ប្រទេសចិន”។
កម្ពុជាមានគម្រោងបង្កើតមជ្ឈមណ្ឌល ពាណិជ្ជកម្មឯកជននៅទីតាំងចំនួន៥ ក្នុងប្រទេសចិននៅឆ្នាំនេះ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយផលិតផល ដែលមានសក្តានុពលរបស់កម្ពុជា និងទាក់ទាញលំហូរវិនិយោគិនចិនមកកម្ពុជាផងដែរ។
លោក ប៉ែន សុវិជាតិ បានបន្តថា “មជ្ឈមណ្ឌលទាំងនេះនឹងលើកកម្ពស់ច្បាប់វិនិយោគ និងការវិនិយោគបរិស្ថាន ជាពិសេសនឹងដើរតួជាកន្លែងផ្គូផ្គង អាជីវកម្មរវាងអ្នកវិនិយោគ និងពាណិជ្ជករលើការវិនិយោគនៅកម្ពុជា”។
លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានមានប្រសាសន៍ថា “ការប្តេជ្ញាចិត្តក្នុងការកសាងអនាគតរួមគ្នានឹងផ្តល់កម្លាំងរុញច្រានមួយ ដល់ការកសាងទំនុកចិត្ត របស់វិនិយោគិន និងពាណិជ្ជករមកពីប្រទេសកម្ពុជា និងប្រទេសចិន”។
លោកបានបន្ថែមថា “ការកសាងសហគមន៍នៃអនាគតរួមគ្នា ការអនុវត្ត កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងកតិកាសញ្ញាពាណិជ្ជកម្មក្នុងតំបន់RCEP នឹងផ្តល់ឱ្យកម្ពុជានូវលទ្ធភាព នៃការនាំចេញកសិផល និងផលិតផលកែច្នៃទៅកាន់ប្រទេសចិន ជាពិសេសការទាក់ទាញលំហូរវិនិយោគពីប្រទេសចិន”៕