កម្ពុជា ដាក់ក្ដីសង្ឃឹមមាំថា ផ្លូវដែកល្បឿនលឿនចិន-ឡាវ នឹងជួយនាំភ្ញៀវទេសចរអន្តរជាតិបន្ថែមទៀត

សុខុម

ភ្នំពេញ: ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ថា លោកសង្ឃឹមថា ផ្លូវដែកល្បឿនលឿនចិន-ឡាវ នឹងជួយនាំភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកកាន់កម្ពុជា។

ផ្លូវដែកល្បឿនលឿនចិន-ឡាវ ដែលតភ្ជាប់ទីក្រុងគុនមីង ស្ថិតក្នុងខេត្តយូណាន នៅភាគនិរតីនៃប្រទេសចិន ជាមួយរដ្ឋធានីវៀងចន្ទន៍ នៃប្រទេសឡាវ ត្រូវបានដាក់ឱ្យដំណើរការនៅខែធ្នូ ឆ្នាំ២០២១។ នេះបើយោងតាមសារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៤ ខែមីនា។

ឯកឧត្ដម ថោង ខុន ដែលពេលនេះស្ថិតក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្នុងប្រទេសឡាវ មានប្រសាសន៍ថា លោកបានធ្វើដំណើរតាមផ្លូវដែលល្បឿនលឿនចិន-ឡាវ ជាលើកដំបូងពីទីក្រុងវៀងចន្ទន៍ ទៅកាន់ខេត្តហ្លួងព្រះបាង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានលើកឡើងតាមរយៈសេចក្តីប្រកាសព័ត៌មានដែលបង្ហោះលើទំព័រហ្វេសប៊ុក របស់ក្រសួងទេសចរណ៍ថា “ការធ្វើដំណើរតាមរថភ្លើងល្បឿនលឿនមានសុវត្ថិភាព ហើយក៏មានតម្លៃថោកដែរ”។

លោករដ្ឋមន្ត្រីបានបន្តថា “អ្នកដំណើរជនជាតិឡាវ និងជនជាតិថៃ ជាច្រើនបានធ្វើដំណើរតាមផ្លូវដែកនេះទៅកាន់ប្រទេសចិន ហើយអ្នកដំណើរជនជាតិចិន ជាច្រើនក៏បានមកលេងប្រទេសឡាវ និងប្រទេសថៃ តាមមធ្យោបាយនេះដែរ។ ចំណុចនេះបានបង្កើនក្ដីសង្ឃឹមថា ផ្លូវដែកនេះនឹងជួយនាំភ្ញៀវទេសចរកាន់តែច្រើនមកកាន់កម្ពុជា នៅពេលអនាគត”។

លោករដ្ឋមន្ត្រីបានលើកឡើងបន្ថែមទៀតថា តាមការរំពឹងទុក កម្ពុជា នឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន៤លាននាក់ក្នុងឆ្នាំ២០២៣ បន្ទាប់ពីប្រទេសចិន បានកែលម្អយុទ្ធសាស្ត្រទប់ស្កាត់កូវីដ-១៩ របស់ខ្លួននៅថ្ងៃទី៨ ខែមករា ដើមឆ្នាំនេះ ហើយបានអនុញ្ញាតឱ្យដំណើរទេសចរណ៍ចេញក្រៅជាក្រុមឡើងវិញនៅថ្ងៃទី៦ ខែកុម្ភៈ។

ឯកឧត្ដម ថោង ខុន មានប្រសាសន៍ទៀតថា “ឆ្នាំនេះ យើងសង្ឃឹមថានឹងទាក់ទាញភ្ញៀវទេសចរចិន បានចន្លោះពី៨០ម៉ឺននាក់ទៅ១លាននាក់”៕ Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here