សម្តេចតេជោប្រកាសមិនដំឡើងថ្លៃអគ្គិសនីនោះទេ

 ដោយៈ ម៉ាលីនណា

       ពោធិសាត់ៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានប្រកាសមិនដំឡើងថ្លៃអគ្គិសនីនោះទេ បើទោះបីជាតម្លៃអគ្គិសនី នៅប្រទេសជិតខាងកម្ពុជា បានដំឡើងថ្លៃលើសកម្ពុជាក្តី។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញពិនិត្យវឌ្ឍនភាព សាងសង់វារីអគ្គិសនី ស្ទឹងពោធិ៍​សាត់១ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារគម្រោង នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា “អគ្គិសនីគេឡើងថ្លៃគ្រប់គ្នា កម្ពុជាអត់ឡើងថ្លៃទេ។ ពីមុនប្រទេសជិតខាងរបស់យើងគេថ្លៃអគ្គិសនីថោកជាងយើង ឥឡូវប្រទេសជិតខាងរបស់យើងចាប់ផ្តើមឡើងថ្លៃលើសយើងហើយ”។សម្តេចបន្តថា “តែយើងឲ្យទ្រាំដើម្បីជួយដល់ប្រជាពលរដ្ឋ ក្នុងនោះក្នុងវិស័យកសិកម្មការបូមទឹក គឺតែតម្លៃ ៤៨០រៀលទេ ក្នុង១គីឡូវ៉ាត់ម៉ោង ប៉ុន្តែត្រូវដឹងម៉ោងដែលត្រូវបូមផង”។

ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនីមានការកើនឡើង សម្រាប់ឆ្នាំ២០២២កន្លងមកនេះ រាជរដ្ឋាភិបាលបានចេញថ្លៃខាតលើអគ្គិសនីប្រហែល ២០០លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា។

បើទោះបីជាថ្លៃអគ្គិសនី ដែលប្រទេសជិតខាងវៀតណាម និងថៃ ដែលលក់ឱ្យកម្ពុជាឡើងថ្លៃក៏ដោយ ក៏មិនប៉ះពាល់ដល់អ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទដែរ ដោយសារតែរាជរដ្ឋាភិបាល បានប្រកាសមិនឱ្យមានការដំឡើងថ្លៃអគ្គិសនី សម្រាប់ឆ្នាំ២០២៣នេះ។

នៅឆ្នាំ២០២២ កម្ពុជាផលិតថាមពលអគ្គិសនី បានជិត៨០ភាគរយ ខណៈថាមពលអគ្គិសនីតែ២០ភាគរយប៉ុណ្ណោះ ទិញពីប្រទេសឡាវ វៀតណាម និងថៃ។

លោក យឹម វិសិដ្ឋ បានលើកឡើងថា រាល់ថ្ងៃនេះកម្ពុជា មានលទ្ធភាពផលិតថាមពល នៅក្នុងស្រុកបាន៣៤០០មេហ្កាវ៉ាត់ ដែលផលិតចេញពីថាមពលពន្លឺព្រះអាទិត្យ វារីអគ្គិសនី ជីវម៉ាស ធ្យូងថ្ម និងប្រេង ហើយតម្រូវការបច្ចុប្បន្ននេះ ត្រឹមតែប្រមាណជិត២២០០មេហ្កាវ៉ាត់ប៉ុណ្ណោះ។ មានន័យថា យើងមានសមត្ថភាពផលិតថាមពលបានច្រើនលើសលប់ អត់មានបញ្ហាទេ។

លោកបានបញ្ជាក់ថា “អ្វីដែលខ្ញុំលើកឡើងថា ថាមពលរាល់ថ្ងៃយើងទិញពីប្រទេសជិតខាង២០ភាគរយ។ ការទិញចូលនេះ មិនមែនមានន័យថា យើងខ្វះភ្លើងទេ”។ លោកបន្តថា “ភាពពិតប្រាកដ គឺយើងត្រូវតែភ្ជាប់បណ្តាញ ជាមួយប្រទេសជិតខាងដោយសារប្រទេសគេជាប្រព័ន្ធមួយធំ អញ្ចឹងយើងភ្ជាប់ជាមួយគេ ដើម្បីរក្សាឲ្យប្រព័ន្ធយើងមានលំនឹង”។

គិតត្រឹមចុងឆ្នាំ២០២២ មានភូមិចំនួន១៣,៩២៣ ស្មើនឹង៩៨.២៧ភាគរយ បានតខ្សែបណ្តាញអគ្គិសនីសម្រាប់ប្រើប្រាស់ ខណៈនៅសល់ភូមិតែ២៤៥ប៉ុណ្ណោះ ស្មើនឹង១.៧៣ភាគ មិនទាន់តខ្សែបណ្តាញអគ្គិសនី ដោយសារតែភូមិទាំងនោះ នៅក្នុងតំបន់ព្រៃភ្នំដាច់ស្រាយាល នៅរាយប៉ាយ ហើយភូមិខ្លះនៅផ្ទៃទឹក តំបន់កោះ ឬខ្លះភូមិទើបនឹងបង្កើតថ្មី ដែលគ្មានផ្លូវធ្វើដំណើរជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here