ក្រសួងពាណិជ្ជកម្មធ្វើបទបង្ហាញពីអត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងនិតិវិធីនានាដល់AMCHAM

 

       ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីក្រសួងពាណិជ្ជកម្ម ធ្វើបទបង្ហាញពីអត្ថប្រយោជន៍របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធីនៃការនាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។

ពិធីនេះធ្វើឡើងដោយមានការចូលរួមពី លោកស៊ីម សុខខេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាប្រធានក្រុមការងារចរចាអន្តរក្រសួង សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ និងកិច្ចព្រមព្រៀងអាសិប រួមជាមួយ លោកហូ ស៊ីវយ៉ុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកសេវាពាណិជ្ជកម្ម ធ្វើបទបង្ហាញពីអត្ថប្រយោជន៍ របស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងនីតិវិធីនៃការនាំចេញទំនិញ ក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ដល់សភាពាណិជ្ជកម្មអ៉ឺរ៉ុបនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋលេខាធិការ បានធ្វើបទបង្ហាញស្តីពី ដំណើវិវឌ្ឍន៍នៃគោលនយោបាយពាណិជ្ជកម្មកម្ពុជា ដោយបានជម្រាបជូនអំពីវឌ្ឍនភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ច ចូលក្នុងសេដ្ឋកិច្ចតំបន់ តាមរយៈការចូលជាសមាជិកអង្គការ ពាណិជ្ជកម្មពិភពលោក (WTO), អាស៊ាន, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី។

លោករដ្ឋលេខាធិការបន្តថា បន្ថែមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្នុងក្របខណ្ឌអាស៊ាន និងដៃគូអាស៊ាន (អាស៊ាន-ជប៉ុន, អាស៊ាន-កូរ៉េ, អាស៊ាន-ចិន, អាស៊ាន-អូស្រ្តាលី-ណូវែលហ្សេឡង់, អាស៊ាន-ឥណ្ឌា, អាស៊ាន-ហុងកុង), និងកិច្ចព្រមព្រៀងអាសិប, កម្ពុជាក៏បានសម្រេចនូវកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រួមមាន កម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ហើយបាននឹងកំពុងចរចា កិច្ចព្រមព្រៀងពា​ណិ​ជ្ជកម្មសេរីទ្វេភាគី ជាមួយដៃគូពាណិជ្ជកម្មផ្សេងទៀតផងដែរ។

តាមការសិក្សារបស់អ្នកជំនាញនៃវិទ្យាស្ថាន ERIA កិច្ចព្រមព្រៀងអាសិប កម្ពុជាអាចនឹងមាន កំណើនប្រចាំឆ្នាំការនាំចេញ ក្នុងរង្វង់ប្រមាណពី៩.៤% ទៅ១៨% ដែលនឹងចូលរួមចំណែកក្នុង កំណើ​នសេដ្ឋកិច្ចជាតិបន្ថែម ប្រចាំឆ្នាំ ប្រមាណពី ២% ទៅ ៣.៨%, កំណើនឱកាសការងារប្រចាំឆ្នាំ ប្រមាណ៣.២% ទៅ៦.២% និងកំណើនចំណូលពន្ធប្រចាំឆ្នាំប្រមាណ ២% ទៅ ៣.៩% ផងដែរ។

លោកបានបញ្ជាក់ថា វិស័យឯកជនជាដៃគូដ៏សំខាន់ ក្នុងការចូលរួមក្នុងកិច្ចពិគ្រោះយោបល់ ផ្តល់ធាតុចូលនានា មុនពេលចាំផ្តើមការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងជាអ្នកទទួលអនុវត្តបន្តដើម្បីទាញយកផលប្រយោជន៍ ដោយផ្ទាល់ពីកិច្ចព្រមព្រៀងទាំងនោះ។

ជាមួយគ្នានេះ លោកប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ក៏បានចូលរួមធ្វើបទបង្ហាញផងដែរស្តីពី វិធានដើមកំណើតទំនិញ តួនាទីរបស់ក្រសួងពាណិជ្ជកម្ម ក្នុងនាំជាអជ្ញាធរចេញវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញគ្រប់ទម្រង់ និងនីតិវិធីនៃការនាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្ម។

ជាមួយគ្នានេះ លោកក៏បានបង្ហាញពីការប្រើប្រាស់ប្រព័ន្ធស្វ័យ​ប្រវត្តិកម្ម ក្នុងការស្នើសុំវិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ ដែលមានលក្ខណៈងាយស្រួល និងតាមរយៈនេះនឹងជំរុញលទ្ធភាពក្នុងការនាំចេញទំនិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here