ឯកអគ្គរដ្ឋទូតអូស្រ្តាលីថ្មីជម្រុញការពង្រីកកិច្ចសហប្រតិបត្តិការ ​និងឱកាសវិនិយោគ

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យ លោកJustin Kevin Wayatt ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។

តាមការឲ្យដឹង ពីលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោនាយករដ្ឋមន្ត្រីបានឱ្យដឹងថា Justin Kevin Wayatt បានមានប្រសាសន៍ថា នៅពេលនេះកម្ពុជាមានការរីកលូតលាស់ និងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ហើយលោកក៏សូមសំដែងនូវការគោរព ចំពោះការដឹកនាំដ៏វៃឆ្លាតរបស់សម្ដេចតេជោ ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺ កូវីដ-១៩ កន្លងមក ការរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅកម្ពុជា កាលពីឆ្នាំទៅដែលនាំមកជូនកម្ពុជានូវកិត្តិនាម កិត្តិសព្ទដ៏ល្អរន្ទឺរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកក៏បានជម្រាបជូនសម្ដេចតេជោថា ក្នុងអាណត្តិជាឯកអគ្គ​រដ្ឋទូតនៅកម្ពុជា លោកនឹងប្រឹងប្រែងធ្វើយ៉ាងណា ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការ ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងក្នុងភាពជាដៃគូលើវិស័យមួយចំនួន ដូចជាការ ជំរុញពង្រឹងទំនាក់ទំនង រវាងប្រជាជននិងប្រជាជន ទំនាក់ទំនងរវាងអ្នកវិនិយោគនិងអ្នកវិនិយោគ ជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម លើវិស័យសុខាភិបាល លើវិស័យដោះមីន ធ្វើយ៉ាងណាជួយគាំទ្រកម្ពុជាឲ្យបានសម្រេច នូវគោលដៅប្រទេសគ្មានមីននៅឆ្នាំ២០២៥។

ជាការឆ្លើយតប សម្ដេចតេជោ បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះលោក ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់អូស្ត្រាលីប្រចាំកម្ពុជា។ សម្ដេចក៏បានសំដែងនូវការរីករាយ ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យកសិកម្ម ដែលអូស្ត្រាលីបានជួយកម្ពុជាបង្កើតជាវិទ្យាស្ថានកាឌី សម្រាប់ការស្រាវជ្រាវ ហើយការស្រាវជ្រាវនេះសោតទៀត ក៏បាននាំកម្ពុជាទៅដល់ការស្រាវជ្រាវបានពូជស្រូវដ៏ល្អជាប់ចំណាត់ថ្នាក់លេខ១ និងពូជស្រូវដទៃទៀត។

សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលកន្លងមកបានជួយកម្ពុជាក្នុងការផ្ដល់វ៉ាក់សាំង សម្រាប់ទប់ស្កាត់ការីរាលជំងឺ កូវីដ-១៩។

សម្ដេចបានមានប្រសាសន៍ថា “ជោគជ័យរបស់កម្ពុជាលើការទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនអាចកាត់ផ្ដាច់បានពីការគាំទ្រ និងជួយពីប្រទេសអូស្ត្រាលីទេ”។ សម្ដេចតេជោក៏បានថ្លែងអំណរគុណផងដែរជូនដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយដល់កម្ពុជាលើបញ្ហាដោះមីន និងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ រួមនឹងវិស័យដទៃទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here